Marco Asensio បាន​និយាយ​ថា​គាត់​មិន​បន្ទោស​ Zidane ដែល​មិន​សូវ​ដាក់​គាត់​ឲ្យ​ចូល​លេង​នោះ​ទេ ​តែ​គាត់​បន្ទោស​ខ្លួន​ឯង​ដែល​មាន​ចំណុច​ខ្វះ​ខាត។

Asensio បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ដែល​ល្អ​ជាង​គេ​បំផុត​នៅ​អឺរ៉ុប​ ក្រោយ​ពេល​ចាក​ចេញ​ពី​ក្លឹប​Mallorcaមក​ចូល​រួម​ជាមួយ​ Real Madrid​កាល​ពី​ឆ្នាំ​២០១៤។​បន្ទាប់​ពី​បង្ហាញ​ថ្វី​ជើង​បាន​ល្អ​កាល​លេង​នៅ​ក្លឹប​ Espanyol, Asensio បាន​ក្លាយ​ជា​កីឡាករ​លេង​ក្នុង​ឈុត​ជម្រើស​ដំបូង​របស់​ Real Madrid កាល​ពី​រដូវ​កាល​មុន ហើយ​រូប​គេ​ក៏​សម្លឹង​មើល​ឱកាស​លេង​កាន់​តែ​ច្រើន​ក្នុង​រដូវ​កាល​នេះ។

កីឡាករ​វ័យ​២២​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែន​ក្នុង​ដើម​រដូវ​កាល​នេះ​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ដំបូង​៩​ប្រកួត​ជាប់​គ្នា​មុន​ពេល​ថ្ងៃ​បុណ្យ​គ្រិស្មាស​មក​ដល់​ប៉ុន្តែ​ចាប់​ពីចូល​​ឆ្នាំ​២០១៨​មក​ ជម្រើស​ដំបូង​១១​នាក់​ហាក់​កាន់​តែ​ខ្សត់​ទៅ​ៗ​។

ករណី​នេះ​អាច​និយាយ​បាន​ថា​លោក​Zidane ហាក់​ស្រឡាញ់​កីឡាករ​មិន​ស្មើ​គ្នា​ពិសេស​ការ​ផ្ដល់​ឱកាស​លេង​ចូល​លេង​​ប៉ុន្តែ​Asensio ខ្លួន​ឯង​វា​ថា​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​តែ​ម្នាក់​គត់​មិន​ជាប់​ទាក់ទង​នឹង ​Zidane។

“​អយុត្តិធម៌​មិន​មែន​ជា​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​​និយាយ។​ពី​ព្រោះ​តែ​បញ្ហា​របស់​ខ្ញុំ​ទើប​គាត់​ជ្រើស​អ្នក​ផ្សេង” Asensio និយាយ​ក្នុង​កាសែត​ El Laguero។

“ នោះ​គឺ​ជា​កំហុស​របស់​ខ្ញុំ​និង​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​​ពេល​ដែល​ខ្ញុំ​មិន​បាន​លេង​ជាមួយ​ក្រុម​។​ថាមពល​នៃ​ក្រុម​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​​ហើយ​ខ្ញុំ​ក៏​មិន​សូវ​បាន​លេង​ច្រើន​នាទី​ដែរ។ ខ្ញុំ​ចង់​ធ្វើ​គ្រប់​យ៉ាង​ក្នុង​រយៈ​ពេល​១០​នាទី​ដែល​មាន​។​ក្នុង​ស្ថានភាព​នោះ​​អ្នក​ត្រូវ​តែ​គិត​ឲ្យ​ខ្លាំង”។

“​នៅ​ពេល​នេះ​ គាត់​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ។​ខ្ញុំ​គិត​ថា​ទាំង​ប្រយុទ្ធ​និង​ការពារ​​យើង​មាន​សភាព​ល្អ​ជាង​មុន​ហើយ​យើង​បន្ត​ស្ថានភាព​នេះ​។ យើង​កំពុង​ស្ថិត​ក្នុង​កន្លែង​ដ៏​ល្អ​មួយ”៕