Diego Costa បានស្នើសុំឲ្យមានលើកទឹកចិត្តដល់ខ្សែប្រយុទ្ធធ្លាក់ទម្រង់លេងរបស់ Chelsea កីឡាករ Alvaro Morata ហើយរូបគេសង្ឃឹមថា នឹងអាចចាប់ដៃគូជាមួយគ្នាលេងក្នុងជម្រើសជាតិអេស្ប៉ាញក្នុងពេលអនាគត។
Morata មិនបានកោះហៅឲ្យចូលជម្រើសជាតិក្រោមការដឹកនាំរបស់លោក Julen Lopetegui នោះទេសម្រាប់ការប្រកួតមិត្តភាពទល់នឹងអាល្លឺម៉ង់ និងអាហ្សង់ទីន ខណៈដែល Costa បង្ហាញទម្រង់លេងល្អឡើងវិញក្រោយត្រឡប់ទៅ Atletico Madrid ។
Costa រកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន១៤ប្រកួតឲ្យក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ ក្រោយជាប់បម្រាមរបស់ Chelsea កន្លះរដូវកាល ខណៈដែល Morata ត្រូវយកទៅជំនួសនៅ Stamford Bridgeហើយទើបតែរកបានត្រឹមមួយគ្រាប់ ប៉ុណ្ណោះចាប់ពីឆ្នាំ២០១៨មក ពេលលេងទល់នឹងក្រុម Leicester City ក្នុងពាន FA Cup។
ទោះបីទម្រង់លេងធ្លាក់ចុះបែបនេះក្ដី Costa បាននិយាយថា Morata នឹងត្រឡប់មករកភាពប្រសើរឡើងវិញ។
“ ខ្ញុំនិង Morata, យើងមានទំនាក់ទំនងដ៏ល្អអស្ចារ្យរវាងគ្នានិងគ្នា។ គាត់ជាមនុស្សល្អ ហើយជាកីឡាករអស្ចារ្យម្នាក់។ គាត់កំពុងមានពេលវេលាដ៏អាក្រក់ ប៉ុន្តែគាត់កំពុងចាប់ផ្ដើមរកគ្រាប់បាល់បានវិញហើយ”។
“សង្ឃឹមថាយើងនឹងអាចលេងជាមួយគ្នា ពីព្រោះការប្រកួតប្រជែងជាមួយគាត់ មិនមែនជាបញ្ហានោះទេ។ សម្ពាធគឺដូចតែគ្នាទេ ធ្វើជាខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិមានន័យដូចគ្នា”៕