អតីតប្រធាន UEFA លោក Michel Platini បាននិយាយថា កាលដែលក្រុមជម្រើសជាតិបារាំងឡើងទៅប៉ះប្រេស៊ីលនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 1998 មិនមែនជារឿងចៃដន្យឡើយ។

កាលណោះ ក្នុងនាមជាសហប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ World Cup 1998 សម្រាប់ប្រទេសរបស់ខ្លួន លោក Platini បានជួយរៀបចំឱ្យក្រុមខ្លាំងទាំង២នៅឆ្ងាយពីគ្នានៅពេលចាប់ឆ្នោត ដោយដាក់ បារាំង ក្នុងពូល C ខណៈ ប្រេស៊ីល នៅពូល A។

ជាទូទៅ ម្ចាស់ផ្ទះស្ថិតក្នុងពូល A ចំណែកក្រុមដទៃទៀតត្រូវបានបែងចែកពូលដោយចៃដន្យ(random)តាមលក្ខន្តិកៈរបស់ FIFA។ ការដាក់ឱ្យក្រុមមួយនៅពូល A និងក្រុមមួយទៀតនៅពូល C មានន័យថាពួកគេនឹងមិនប៉ះគ្នារហូតដល់វគ្គផ្ដាច់ព្រ័ត្រ បើសិនពួកគេឈ្នះគ្រប់ប្រកួតដូចគ្នា។

អតីតជ័យលាភី Ballon d’Or ខាងលើ ទម្លាយថា៖ “នៅពេលពួកយើងរៀបចំកាលវិភាគ ពួកយើងបានប្រើល្បិចបន្តិច។ នៅពេលអ្នកជាម្ចាស់ផ្ទះនិងកំពុងរៀបចំអស់រយៈពេល៦ឆ្នាំមកហើយនោះ អ្នកចង់មានលទ្ធភាពរីករាយនឹងរឿងនានា។ អ្នកគិតថាអ្នកដទៃមិនធ្វើបែបនេះដើម្បី World Cup របស់ពួកគេទេឬ? បារាំង ទល់នឹង ប្រេស៊ីល នៅវគ្គផ្ដាច់ព្រ័ត្រគឺជាក្ដីស្រមៃរបស់គ្រប់គ្នា”។

សូមរំឭកថា នៅវគ្គផ្ដាច់ព្រ័ត្រ World Cup 1998 ខ្សែបម្រើឆ្នើម Zinedine Zidane រកបាន២គ្រាប់ ជួយ បារាំង ផ្ដួល ប្រេស៊ីល ៣-០ នៅប៉ារីស៕

ទស្សនាវីដេអូហាយឡាយ៖