អតីត​កីឡាករ​របស់​ក្រុម ​Liverpool លោក Jamie Redknapp ជឿ​ថា​ខ្សែ​បម្រើ ​Manchester United ​កីឡាករ ​Pual Pogba គួរ​តែ​មាន​អនាគត​ល្អ​ជាង​នេះ ​បើ​លេង​នៅ ​Manchester City ក្រោម​ការ​ដឹកនាំ​របស់​លោក ​Pep Guardiola។

Pogba បង្ហាញ​ទម្រង់​លេង​យ៉ាប់​មើល​មែន​ទែន ​ហើយ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​រិះគន់ ​បន្ទាប់​ពី​ក្រុម​របស់​គាត់​ចាញ់​ Newcastle កាល​ពី​ថ្ងៃ​អាទិត្យ​១-០ ខណៈ​ដែល​កីឡាករ​បារាំង​មិន​អាច​ធ្វើ​អ្វី​បាន​ក្នុង​ការ​លេង​ពេញ​៩០​នាទី​។ និយាយ​ក្នុង​ទូរទស្សន៍ ​Sky Sport, Rednapp បាន​សន្និដ្ឋាន​ថា​ Jose Mourinho មិន​អាច​ធ្វើ​ឲ្យ​ Pogba បង្ហាញ​សក្ដានុភាព​ពេញ​លេញ​នោះ​ទេ​ ហើយ​លោក​​មាន​អារម្មណ៍​ថា​ Guardiola នឹង​ធ្វើ​ឲ្យ ​Pogba ប្រសើរ​ជាង​នេះ ​ដើម្បី​ឲ្យ​កីឡាករ​វ័យ​២៤​ឆ្នាំ​បង្ហាញ​អស់​នូវ​សមត្ថភាព​ដែល​មាន​ក្នុង​ខ្លួន។

ខ្ញុំ​គិត​ថា ​Mourinho ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ទៅ​លើ ​Pogba នេះ​ជា​ការងារ​របស់​គាត់​។ មនុស្ស​គ្រប់​គ្នា​រំពឹង​ថា ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​មាន​ទំនុក​ចិត្ត​ធំ​បំផុត​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ស្ថានភាព​នេះ​គាត់​ត្រូវ​ការ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ស្រឡាញ់​មួយ​ខ្ពស់។ ដក​គាត់​ចេញ​ពី​ការ​ប្រកួត​ជាមួយ​ Spurs នោះ​មិន​មែន​ជា​របៀប​ដែល​អ្នក​​ទទួល​បាន​ភាព​ល្អ​បំផុត​របស់​គាត់​នោះ​ទេ​​ អ្នក​អាច​ឃើញ​ពេល​លេង​ជាមួយ​ Newcastle ទំនុក​ចិត្ត​របស់​គាត់​ពិត​ជា​ទាប​ណាស់”។

“ ខ្ញុំ​មិន​និយាយ​ថា​ឲ្យ​អ្នក​ត្រូវ​តែ​លួងលោម​ និង​យក​ចិត្ត​ទុក​គាត់​ខ្លាំង​លើស​គេ​ផ្សេង​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​បាន​ឃើញ​ទិដ្ឋភាព​ Pogba បែប​នេះ​ បើ​ស្ថិត​ក្នុង​ការ​បង្វឹក​របស់ ​Pep ។​ប្រសិន​បើ​គាត់​លេង​នៅ​ Man City គាត់​គួរ​តែ​ក្លាយ​ជា​តារា​របស់​ក្លឹប​ទាំង​មូល​ ។ខ្ញុំ​មិន​គិត​ថា ​Jose Mourinho ទទួល​បាន​សក្ដានុភាព​ខ្ពស់​បំផុត​ពី ​Pogba នោះ​ទេ”។

ទោះ​បី​ជា​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ជំនាញ​នានា​ក្ដី​ ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង ​មិន​បាន​បង្ហាញ​ខ្លួន​ឯង​ទៅ​ជា​កីឡាករ​លំដាប់​ពិភពលោក​ពេញ​លេញ​នោះ​ទេ​ ដោយ​ក្នុង​រដូវ​កាល​នេះ ​រូប​គេ​រក​បាន​ត្រឹម​៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៣​ប្រកួត​ឲ្យ​បិសាច​ក្រហម​​៕