ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លំដាប់​ពិភពលោក FIFA Confederations Cup 2017 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី អម​ដោយ​ប្រាក់​រង្វាន់​៥លាន​ដុល្លារ​អាមេរិក ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ ឈីលី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​ថ្ងៃ​អាទិត្យ​នេះ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​លើ​ទីលាន​ជាង​៥ម៉ឺន​នាក់។

ការ​ប្រកួត​ដែល​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល Milorad Mažić ជនជាតិ​សេប៊ី រូប​នេះ​ជ័យជម្នះ​បាន​ទៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​ទាត់​បញ្ជូល​ទី​ដោយ​កីឡាករ Lars Stindlសមាជិក​មក​ពី​ក្លិប​ Borussia Mönchengladbach នៅ​នាទី​ទី២០។

ព្រឹត្តិការណ៍​កម្ដៅ​សាច់ដុំ​មុន​ពានរង្វាន់ FIFA World Cup 2018 មក​ដល់នេះ​រៀបចំ​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៧ ជា​លទ្ធផល​ក្រុម​អាល្លឺម៉ង់ ជា​ជើងឯក ហើយ​ឈីលី ជា​ជើង​ឯករង ខណៈ​ក្រុម​ព័រទុយហ្គាល ជាប់​លេខ៣ និង​ក្រុម​ម៉ិចស៊ីកូ ជាប់​លេខ៤។ ពានរង្វាន់​កីឡាករ​ទាត់​បាល់​បញ្ជូលទី​បាន​ច្រើន​ជាង​គេ​បាន​ទៅ​កីឡាករ​អាល្លឺម៉ង់ ៣នាក់ដែល​រក​បាន​៣គ្រាប់​ដូចគ្នា​គឺ Leon Goretzka, Lars Stindl, Timo Werner ហើយ​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​បាន​ទៅ​កីឡាករ​អាល្លឺម៉ង់ ដូចគ្នា​គឺJulian Draxler ខណៈ​អ្នកចាំទី​ល្អ​បាន​ទៅ​កីឡាករ​Claudio Bravo របស់​ឈីលី និង​ចុងក្រោយ​ពានរង្វាន់ Fair Play Award បានទៅ​ក្រុម​អាល្លឺម៉ង់៕

[youtube id=”xTuFgbYts64″]