ប្រទេស​បី​នៅ​អាមេរិក​ខាង​ត្បូង​គឺ​ អាហ្សង់ទីន អ៊ុយរុយហ្គាយ ​និង​ប៉ារ៉ាហ្គាយ​​នឹង​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2030 ខណៈ​ប្រធានាធិបតី​ទាំង​បី​ប្រទេស​​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ ប្រទេស​ទាំង​បី​បាន​បញ្ជាក់​ពី​គម្រោង​នេះ ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទី​ក្រុង​ Buenos Aires ​កាល​ពី​ម្សិលមិញ​។ World Cup 2030 នឹងក្លាយ​ជា​ព្រឹត្តិការណ៍​វិល​ជុំ​រយៈ​ពេល​១០០​ឆ្នាំ​​ ខណៈ​ប្រទេស​ដំបូង​បំផុត​ដែល​ធ្វើ​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ ១៩៣០​គឺ​ អ៊ុយរុយហ្គាយ។

ប្រធានាធិបតី​ប៉ារ៉ាហ្គាយ​លោក Horacio Cartes ​រួម​តាំង​លោក Mauricio Macri ប្រធានាធិបតី​ របស់​អាហ្សង់ទីន​និង​លោក Tabare Vazquez របស់​អ៊ុយរុយហ្គាយ​បាន​និយាយ​ថា​៖” ការ​ប្រជុំ​លើ​ដំបូង​(​ការ​ដេញ​ថ្លៃ)​នឹង​ត្រូវ​រៀប​ចំ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ខែ​វិច្ឆិកា។​ប្រទេស​ដទៃ​ទៀត​ក៏​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដែរ​ ប៉ុន្តែ​ពួក​យើង​មាន​ទំនុក​ចិត្ត​ខ្ពស់​ហើយ​វា​ជា​ឱកាស​សម្រាប់​អ៊ុយរុយហ្គាយ​គម្រប់​ខួប​១០០​ឆ្នាំ​ដែល​ពួក​គេ​ធ្លាប់​ជា​ម្ចាស់ផ្ទះ​​​កាល​ពី​១០០​ឆ្នាំ​មុន”។

ផ្ទុយ​ទៅ​វិញ​! ខាង​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ បាន​និយាយ​កាល​ពី​មិថុនា​ថា គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​ការ​ចង់​ធ្វើ​​ជាម្ចាស់​ផ្ទះ​របស់​ចក្រភព​អង់គ្លេស​ឬ​ប្រទេស​អង់គ្លេស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​ម្ចាស់​ផ្ទះ​World Cup2030។ រុស្សី​នឹង​ជា​ម្ចាស់ផ្ទះ​ World Cup 2018ខណៈ​ Qatar នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២។

លើស​ពី​នេះ​ក៏​មាន​ការ​ចូល​រួម​ប្រជែង​ដេញ​ថ្លៃ​ពី​ប្រទេស​នៅ​អាមេរិក​ខាងជើង​​​គឺ​សហរដ្ឋ​អាមេរិក​ កាណាដា​និង​មិកស៊ិក​ដែល​គេ​រំពឹង​ថា​ប្រទេស​មាន​សមត្ថភាព​ខ្ពស់​និង​​ឥទ្ធិពល​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup 2026 ហើយ​ប្រទេស​ម៉ារ៉ុក​ក៏​ចូល​រួម​ជា​បេក្ខភាព​នេះ​ដែរ។​នៅ​ឆ្នាំ​២០២៦​ នឹង​មាន​បន្ថែម​ក្រុម​បាល់ទាត់​ពី​៣២​ក្រុម​ឡើង​ដល់​៤៨​ក្រុម​​ ខណៈ​ការ​កំណត់​ជា​ថ្មី​នេះ​ ​ត្រូវ​បាន​ប្រកាស​ពី​ FIFA កាល​ពី​ដើម​ឆ្នាំ​នេះ៕