Ryan Giggs បានប្រាប់កីឡាករ២នាក់របស់ Manchester United គឺ Macus Rushford និង Anthony Martial ថាពួកគេគួរតែពង្រឹងកំណត់ត្រារកគ្រាប់បាល់របស់ខ្លួន ដើម្បីឲ្យក្លាយជាកីឡាករកំពូល។
Rushford ពិតជាបង្ហាញទម្រង់លេងល្អនៅដើមរដូវកាលនេះ ដោយរកបាន៦គ្រាប់ឲ្យក្លឹបនិងជម្រើសជាតិ ខណៈ Martial រកបាន៥គ្រាប់ដែរឲ្យក្រុមលោក Jose Mourunho។ អ្នកទាំងពីរមានឥទ្ធិពលគួរសមនៅ Old Trafford ដោយកំណត់ត្រាគ្រាប់បាល់នេះ បានជួយក្លឹបឈរលេខ២ក្នុងតារាងមានពិន្ទុស្មើ Man City តែគ្រាប់បាល់ខុសគ្នា។
ដូចនេះហើយ Ryan Giggs បាននិយាយថា Rushford និង Martial ពិតជាកីឡាករគ្រោះថ្នាក់ណាស់ ប៉ុន្តែពួកគេត្រូវតែរកឲ្យបាន២០គ្រាប់ក្នុងមួយរដូវកាល ដើម្បីអភិវឌ្ឍន៍ក្លាយជាកីឡាករល្អមួយកម្រិតទៀត។ លោកបាននិយាយក្នុង Sky Sport ថា៖”ការប្រយុទ្ធរវាង Macus Rushford និង Anthony Martial ពិតជាអស្ចារ្យ ដែលយើងគួរតែមើល។ ខ្ញុំអាចនឹងរំពឹងច្បាស់ថា ក្នុងក្រុមជាមួយគ្នា Marcus អាចលេងបានល្អបំផុតក្នុងតំបន់ប្រយុទ្ធកណ្ដាល ដែលមានពីកំណើតរបស់ខ្លួនហើយ Martial លេងក្នុងតំបន់ស្លាបឆ្វេងផង និងផ្លាសប្ដូរមកតំបន់កណ្ដាលផងនោះពិតជាល្អណាស់”។
“ ពួកគេមានល្បឿនដ៏អស្ចារ្យដែលនេះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ខ្សែការពារ។ ពួកគេគួរតែរកឲ្យបាន២០គ្រាប់ក្នុងមួយរដូវកាល ដើម្បីពិចារណាថាជាកីឡាករកំពូល”៕