ការ​លក់​អាវ​របស់ ​Alexis Sanchez បាន​បំបែក​កំណត់​ត្រា​លក់​អាវ​ពី​មុន​ៗ​របស់​ Manchester United ទោះ​បី​ជា​កីឡាករ​រូប​នេះ​ទើប​តែ​ចាក​ចេញ​ពី ​Arsenal មក​ដល់  Old Trafford កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ក៏​ដោយ។ លោក​ Ed Woodward អនុ​ប្រធាន​ក្លឹប​បាន​បាន​បង្ហាញ​ឲ្យ​ដឹង។

Sanchez ផ្ទេរ​មក ​Man Utd ក្នុង​កិច្ច​ព្រមព្រៀង​ដោះដូរ​ជាមួយ​ Henrikh Mkhitaryan អំឡុង​រដូវ​ដោះដូរ​កីឡាករ​ខែ​រងា​ហើយ​​ការ​ដោះដូរ​នេះ ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ពាណិជ្ជកម្ម​លក់​អាវ​របស់​កីឡាករ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។ លោក​ Woodward និយាយ​កាល​ម្សិលមិញ​ថា​៖” Alexis Sanchez បាន​បង្កើត​កំណត់​ត្រា​នៃ​ការ​លក់​អាវ​ ក្រោយ​ចុះ​កុង​ត្រា​ក្នុង​ខែ​មករា​នេះ​ហើយ​ លក់​ដាច់​ខ្លាំង​លើស​ដល់​ទៅ​៣​ដង​នៃ​កំណត់​ត្រា​លក់​ពី​ពេល​មុនៗ”

Woodward ក៏​បាន​និយាយ​អំឡុង​ពេល​សន្និសីទ​កាសែត​ក្នុង​កិច្ច​ព្រមព្រៀង​បណ្ដាក់ទុន​ក្នុង​ពាក់​កណ្ដាល​ឆមាស​ទី​២​របស់​នា​រដូវ​កាល​២០១៧-១៨​ថា​ការ​ផ្ទេរ​ដោះដូរ Sanchez-Mkhitaryan បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្នុង​បណ្ដាញ​សង្គម​ទាំង​អស់​របស់​Man Utd មាន​កើន​ឡើង​ដែល​ពី​មុន​មិន​ធ្លាប់​កើត​មាន​បែប​នេះ​ទេ។

ពាណិជ្ជកម្ម​នេះ​បាន​បង្កើន​ទិន្នន័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។ វា​គឺ​ជា​ការ​កើន​ឡើង​នូវ​អ្នក​គាំទ្រ​ដ៏​ច្រើន​ក្នុង​បណ្ដាញ​សង្គម​ Instagram ជាមួយ​នឹង​ការ ​Like និង ​Comments រាប់​លាន​នាក់​ ហើយ​ក៏​មាន​អ្នក​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​បុក​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ដែល​យើង​មិន​ដែល​ជួប​ប្រទះ។ ការ​ចែក​ចាយ​ច្រើន​ជាង​គេ​គឺ​ការ​ផុស​ម្ដង​ទៀត ​( Retweeted) សញ្ញា #Alexis7 (hashtag) ពេញ​បណ្ដាញ​សង្គម​ Twitter ទូទាំង​ពិភពលោក​ផង​ដែរ”