អតីតគ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីបលោក Hassan Shehata បានព្រមានខ្សែប្រយុទ្ធ Mohamed Salah ឲ្យពិចារណាដោយប្រុងប្រយ័ត្នពីជម្រើសរបស់គាត់ក្នុងការទៅលេងនៅ Real Madrid ។
ម្ចាស់ជើងឯក Champions League, Real Madrid នៅតែគេដឹងថាជាក្លឹបមួយមានទំនាក់ទំនងជិតស្និតក្នុងការផ្ទេរយកកីឡាករជម្រើសជាតិអេហ្ស៊ីបដែលកំពុងពេញជើងក្រោយរកបាន៣៨គ្រាប់គ្រប់ពានរង្វាន់រដូវកាលនេះ។ Real Madrid ត្រូវបានគេដឹងថាបានពិចារណានាំយកSalah មកលេងក្នុងគម្រោង Galactico ដោយហ៊ានចំណាយធំ ខណៈកីឡាកររូបនេះទើបតែមកដល់កីឡដ្ឋាន Anfield កាលពីឆ្នាំ២០១៧ក្នុងតម្លៃ៣៦.៩លានផោន។
Shehata ទទួលស្គាល់ថាកីឡាករវ័យ២៥ឆ្នាំបានក្លាយជាមនុស្សម្នាក់ដែលគេគ្រប់គ្នាត្រូវការខ្លាំងប៉ុន្តែកំពូលSuper Star ប្រេស៊ីល Neymar គឺជាឧទាហរណ៍មួយដែលយើងត្រូវគិតពីព្រោះគាត់មិនអាចគេចផុតពីការតាមពីក្រោយស្រមោលរបស់ម្ចាស់ពាន Ballon d’Orកីឡាករ Lionel Messi បានទេ។
គាត់និយាយក្នុងកាសែត ON Sport អំពី Salah ដែលនៅសល់កុងត្រាជាមួយ Liverpool ដល់ឆ្នាំ២០២២ថា៖” វាជាកិត្តិយសសម្រាប់យើងពេលដែលយើងនិយាយពី Mohamed Salah។គាត់បានធ្វើរឿងដ៏អស្ចារ្យមួយជាមួយ Liverpool គាត់ក៏អាចចាកចេញទៅលេងនៅ Barcelonaឬក៏ Real Madrid ក៏បានហើយបន្តនៅ Liverpoolទៀតក៏បាន”។
“ វាអាស្រ័យលើគាត់ ប៉ុន្តែខ្ញុំគិតថាគាត់គួរតែលេងឲ្យក្លឹបណាមួយដែលតែងតែងឲ្យគាត់លេងទៀងទាត់។ Salah ជាតារាធំបំផុតនៅ Liverpool ពេលនេះប៉ុន្តែជាមួយ Real Madrid គាត់នឹងនៅក្រោមស្រមោលរបស់ Cristiano Ronaldo”។
“ នោះហើយជាមូលហេតុNeymar ចេញពីBarcelona ពីព្រោះគាត់ចង់គេចឲ្យផុតពីស្រមោលរបស់ Messi។ Salah គួរគិតឲ្យច្បាស់មុនពេលគាត់ចាកចេញពីLiverpool ហើយគាត់គួរតែទទួលដំបូន្មានពីមនុស្សមួយចំនួនដែលច្បាស់ពីរឿងនេះហើយបន្ទាប់មកគាត់នឹងសម្រេចចិត្តដោយខ្លួនឯង”។
ពេលនេះ Salah កំពុងផ្ដោតសំខាន់លើការជាពីរបួសហើយចូលលេងជើងទី២វគ្គ៨ក្រុមចុងក្រោយពានChampions League ជាមួយ Manchester City៕