ខ្សែ​បម្រើ​ Real Madrid ​កីឡាករ​ Toni Kroos កំពុង​សម្រេច​ចិត្ត​ពី​ការ​ផ្ទេរ​មក​លេង​នៅ ​Manchester United ​នៅ​រដូវ​ដោះដូរ​កីឡាករ​បើក​ម្ដង​ទៀត​ពេល​ចប់​រដូវ​កាល​​នេះ​បន្ទាប់​ពេល​ក្លឹប​មួយ​នៅ ​Premier League ​ដាក់​សំណើ​ទៅ​រួច​ហើយ។

ប្រភព​ពី​អេស្ប៉ាញ​ Don Balon បាន​និយាយ​ថា ​Manchester United ចង់​បាន​ខ្សែ​បម្រើ​ Real Madrid មក​ជួយ​ក្រុម​ដើម្បី​ប្រជែង​ពាន​នៅ​រដូវ​កាល​ក្រោយ។​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក៏​បាន​ដឹង​ថា​​ស្ថិត​ក្នុង​រ៉ាដា​របស់​លោក ​Jose Mourinho ខណៈ​គ្រូ​បង្វឹក​វ័យ​៥៤​ឆ្នាំ​កំពុង​រក​អ្នក​មក​ជំនួស​ Michael Carrick ។

Kroos ធ្លាប់​បាន​បដិសេធ​Man Utd កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៤​ដោយ​សុខ​ចិត្ត​ទៅ​ Real Madrid ជំនួស​វិញ។​ហើយ​ពេល​នេះ​កីឡាករ​វ័យ​២៨​ឆ្នាំ​កំពុង​ពិចារណា​ពី​ព្រោះ​តែ​សំណើ​បាន​ទៅ​ដល់​លើ​តុ​របស់​គាត់​ទៅ​ហើយ​នោះ។ ខ្សែ​បម្រើ​របស់ ​Man Utd ប្រហែល​ជា​ចាក​ចេញ​ពី​ក្លឹប​ច្រើន​មាន​ដូច​ជា​ Fellaini, Herrera…​ខណៈ​កន្លែង ​Carrick ទំនេរ​មួយ​ទៅ​ហើយ​នោះ។

ប្រភព​ដដែល​បាន​បន្ត​ថា ​Kroos ក៏​មាន​បំណង​មក​សាង​ស្នាដៃ​នៅ​ Premier League ផង​ដែរ​ ខណៈ​ដែល​អាជីព​នៅ​Bundesliga, La Liga សុទ្ធ​តែ​ជោគជ័យ​រួច​មក​ហើយ​នោះ៕