អ្នកចាំទីកម្ពស់បានរបស់ក្រុមតោខៀវ Chelsea អះអាងថា ខ្លួនមិនអាចធានាអំពីអនាគតរបស់ខ្លួននៅទឹកដី Stamford Bridgeនេះបានរហូតដល់ពេលណានោះទេ ដោយសារតែមានការតាមទាក់ទងជាប្រចាំពីក្លឹប Real Madrid ដែលចង់នាំយករូបគេទៅកាន់ទឹកដីអេស្ប៉ាញវិញ។
បើតាមប្រភពជាច្រើនបានអះអាងថា Real Madrid បានដាក់គោលដៅក្នុងការទិញយកអ្នកចាំទីឆ្នើមដូចជា Courtois របស់Chelsea Jan Oblak របស់ Athletico Madrid និង David de Gea របស់ Man Utd។ គេជឿថា Courtois ជាគោលដៅដែលមានភាគរយខ្ពស់ជាងគេក្នុងការផ្ទេរទៅ Real ចំណែក De Gea និង Oblak ហាក់ដូចជាមានភាពស្មុគស្មាញច្រើនក្នុងការចរចា។
Courtois ក៏ធ្លាប់ប្រាប់ពីមុនថាបេះដូងរបស់គេគឺនៅទីក្រុងMadrid តែពេលក្រោយមកគាត់បានបដិសេធការអះអាងនោះថា ជាការនិយាយច្រឡំប៉ុណ្ណោះ។ គាត់បានប្រាប់កាសែត COPEថា ៖”ខ្ញុំមិនដឹងច្បាស់ពីអនាគតទេ កាលលើកមុន ខ្ញុំនិយាយថា ចិត្តរបស់ខ្ញុំនៅទីក្រុង Madrid គឺចង់និយាយអំពីគ្រួសាររបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមានភរិយានិងកូនពីរនាក់នៅទីនោះហើយខ្ញុំចង់រស់នៅជាមួយពួកគេ”។
Courtois នៅសល់កុងត្រា១ឆ្នាំទៀតជាមួយ Chelsea ហើយពេលនេះកំពុងចរចាគ្នាជាមួយក្លឹបដើម្បីបន្ដនូវកុងត្រាបន្ថែមទៀត។
“ខ្ញុំនៅសល់កុងត្រា១ឆ្នាំទៀតជាមួយក្លឹប ហើយខ្ញំពិតជារីករាយនិងជីវិតនៅទីនេះ “ Courtois បានបន្ត៕