ក្លឹប​លេង​នៅ​ Premier League មិន​សូវ​ខ្លាំង​មួយ​គឺ ​Stoke City បាន​យល់​ព្រម​ចុះ​កុង​ត្រា​យក​​ខ្សែ​ប្រយុទ្ធ​ Paris Saint-Germian កីឡាករ Jese Rodriguez ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ដែល​នេះ​ Jese ក្លាយ​ជា​កីឡាករ​ទី​៦​ដែល ​Stoke ទិញ​បាន​ក្នុង​រដូវ​កាល​នេះ។

ក្លឹប​លេង​នៅ ​Premier League ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ​ក្រោយ​កីឡាករ​វ័យ​២៤​ឆ្នាំ​ ធ្វើតេស្ត​សុខភាព​ជោគជ័យ​។ អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid ​សង្ឃឹម​ថា​នឹង​បាន​ចូល​លេង​ញឹកញាប់​នៅ ​Stoke ក្រោយ​ពេល​មិន​បាន​​ទទួល​ជោគជ័យ​នៅ​បារាំង​។ ​រូប​គេ​ចាក​ចេញ​ពី ​Real Madrid កាល​ពី​ឆ្នាំ​២០១៦​ ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន។

កីឡាករ​ធ្លាប់​ជួយ​ស្ដេច​ស​ឈ្នះ​ពាន ​Champions League ២​ដង​រូប​នេះ​ បាន​ចូល​លេង​ឲ្យ​ក្លឹប​មហាសេដ្ឋី​បារាំង​ត្រឹម​៩​ប្រកួត​ប៉ុណ្ណោះ​ ដោយ​ចូល​លេង​ជម្រើស​ដំបូង​បាន​ម្ដង​។ ​ហើយ​ចូល​ជើង​ទី​២​រដូវ​កាល​មុន ​រូប​គេ​ក៏​បាន​មក​លេង​នៅ​ Las Palmas ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ដែល​ជា​កន្លែង​រូប​គេ​រក​គ្រាប់​បាល់​បាន​៣​គ្រាប់ ​ក្នុង​ការ​ចូល​លេង​១៦​ប្រកួត​នៅ ​La liga។

បើ​តាម​កិច្ច​ព្រមព្រៀង​​ខ្ចី​ជើង​នេះ​ PSG អាច​ឲ្យ​ជម្រើស​ទិញ​ដ​ដាច់​បាន​  ​ប៉ុន្តែ​ខាង​ Stoke City មិន​មាន​ជម្រើស​ទិញ​យក​ដាច់​នោះ​ទេ ​ដោយ​គ្រាន់​តែ​យក​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងរយៈ​ពេលវែង​ប៉ុណ្ណោះ៕