គ្រូបង្វឹកក្រុម Bayern Munich លោក Carlo Ancelotti អាចនឹងចាកចេញពីក្លឹបជើងឯក Bundesliga ក្នុងខែមករាខាងមុខបន្ទាប់ពីបានដាក់សម្ពាធឲ្យក្រុមរបស់ខ្លួនក្នុងទម្រង់លេងមិនសូវល្អកាលពីថ្មីៗនេះ។
ក្រុមខ្លាំងជាងគេនៅអាល្លឺម៉ង់មួយនេះ បានប្រកួតចាញ់ក្រុម Hoffenheim ហើយលទ្ធផលនេះធ្វើឲ្យលោក Ancelotti អាចនឹងត្រូវបានក្លឹបដកដំណែង។ តាមការបញ្ជាក់របស់អតីតកីឡាករ Bayern លោក Mario Basler, គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានរកឃើញកន្លែងថ្មីសម្រាប់ខ្លួនហើយ ហើយលោកនឹងចេញពីអាល្លឺម៉ង់ទៅដឹកនាំក្លឹបមួយនៅ Chinese Super League ក្នុងខែមករា។
និយាយក្នុងវិទ្យុ Sport1, Basler ថា៖”ខ្ញុំបានប្រាប់ហើយថាលោក Ancelotti បានស៊ីញេកុងត្រានៅក្លឹបមួយនៃលីកកំពូលចិន។ អ្វីដែលខ្ញុំដឹង គាត់នឹងចាកចេញក្នុងពេលឆាប់ៗនេះ នៅខែមករាដោយសារតែពេលនោះ លីកកំពូលចិនចាប់ផ្ដើមរដូវកាលថ្មីតែម្ដង។ ខ្ញុំមិនអាចបញ្ជាក់១០០%នោះទេ ប៉ុន្តែតាមប្រភពរបស់ខ្ញុំគឺវាពិតជាគួរឲ្យជឿជាក់”។
លោក Carlo Ancelotti ស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ក្រោយ Bayern Munich ធ្លាក់ទម្រង់លេងក្នុងដំណាក់កាលចាប់ផ្ដើមរដូវកាលនេះដោយមិនអាចឈរដំណែងកៅអីកំពូលតារាងក្រោយចាញ់កាលពីម្សិលមិញ៕