គ្រូបង្វឹក Bayern Munich បច្ចុប្បន្នលោក Jupp Heynckes ជឿថា Real Madrid នឹងទម្លាក់ Paris Saint-Germain ចេញពីChampions League ។
ក្លឹបលំដាប់មហាសេដ្ឋី និងស្ដេចត្រាញ់ប្រចាំអឺរ៉ុបទាំងពីរ នឹងត្រូវជួបគ្នាក្នុង Champions League វគ្គ១៦ក្រុមចុងក្រោយ ក្នុងកីឡដ្ឋាន Bernabeu នៅថ្ងៃទី១៤កុម្ភៈឆ្នាំ២០១៨។ ក្រុមរបស់លោក Zidane បានជួបដំណឹងអាក្រក់ក្រោយពេល UEFA ពិន័យខ្សែការពារស្លាបស្ដាំ Dani Cavajal ២ប្រកួត ដែលនេះមានន័យថាគាត់មិនអាចលេងក្នុងការប្រកួតនេះឡើយ។
ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយរបស់គេហទំព័រ Goal គ្រូបង្វឹកក្រុម Bayern លោក Heynckes ដែលបានជួយ Real Madrid ឈ្នះពាន Champions League រដូវកាល១៩៩៨ជឿថា Madrid នឹងទម្លាក់ PSG ហើយធ្វើឲ្យ Neymar ខកចិត្ត។
“ Real Madrid កំពុងតែពិបាកក្នុងការប្រកួតក្នុងលីគ នៅពេលនេះវាក្លាយជារឿងធម្មតាទៅហើយ ពិសេសនៅពេលដែលអ្នកបានឈ្នះ Champions League ២ឆ្នាំជាប់គ្នា និងក្លាយជាម្ចាស់ជើងឯកអេស្ប៉ាញទៀត។ បន្ថែមពីនេះ Real កំពុងតែបាត់បង់កីឡាករល្អៗ៣នាក់គឺ Alvaro Morata, Pepe និង James Rodriguez ដើម្បីរក្សាលុយ”។
“ តែយ៉ាងណាក៏ដោយ! អ្នកនឹងមិនបានសរសេរថា Real Madrid ធ្លាក់ចេញពី Champions League នោះទេ ។ ពួកគេមានបទពិសោធន៍ក្នុងពានកម្រិតខ្ពស់មួយនេះជាង Paris Saint-Germain ហើយលើសពីនេះ ខ្ញុំជឿថាពួកគេនឹងឈ្នះការប្រកួត”៕