ខ្សែ​បម្រើ​របស់​ក្រុម​ Barcelona កីឡាករ Andres Iniesta និយាយ​ថា​ជំនួប​ Clasco នៅ​ថ្ងៃ​សៅរ៍​ជាមួយ​នឹង ​Real Madrid ​មិន​អាច​សម្រេច​ពី​ការ​ប្រកួត​ប្រជែង​ពាន​ La liga បាន​ទេ​ ទោះ​បី​គាត់​គិត​ថា​ការ​ឈ្នះ​ការ​ប្រកួត​នេះ ​នឹង​ធ្វើ​ឲ្យ​គម្លាត​ពិន្ទុ​កាន់​តែ​ដាច់​ឆ្ងាយ។

 

ក្រុម​កំពូល​តារាង​ La liga, Barcelona កំពុង​នាំ​ក្រុម​លេខ​២ ​AT. Madrid ​៦​ពិន្ទុ ​ប៉ុន្តែ​លើស​ក្រុម​ឈរ​លេខ​៤​Real Madrid ១១​ពិន្ទុ​ តែ​ស្ដេច​ស​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ។ នៅ​ដើម​រដូវ​កាល​នេះ​ក្លឹប​មាន​ប្រភព​ពី ​Catalan បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​ ដោយ​ឈ្នះ​ការ​ប្រកួត​ទាំង​អស់​ក្រោម​ការ​ដឹកនាំ​របស់​លោក  Eresto Valverde ទោះ​បី​ជា​លក់​ Neymar ចេញ​ក៏​ដោយ​ ខណៈ​កីឡាករ​ជំនួស​ Ousmane Debeleទើប​លេង​បាន​២​ប្រកួត​ដោយ​សារ​របួស​សរសៃ​ពួរ។

ការ​ជួប​គ្នា​នេះ ​Iniesta ជឿ​ថា ​Barcelona នឹង​បន្ថែម​គម្លាត​ពិន្ទុ​ដល់​ទៅ​១៤​ ដើម្បី​បញ្ចប់​ក្ដី​សង្ឃឹម​ប្រជែង​ពាន​របស់​ក្រុម​លោក Zinedine Zidane។

និយាយ​ឲ្យ​ស្មោះត្រង់​ទៅ ​​ខ្ញុំ​មិន​គិត​អញ្ចឹង​ទេ” Iniesta ឆ្លើយ​តប​សំណួរ​ដែល​សួរ​ថា​​ប្រសិន​បើ ​Barcelona ឈ្នះ​ការ​ប្រកួត​នេះ​នឹង​បញ្ចប់​ក្ដី​សង្ឃឹម​លើក​ពាន​របស់​ Real Madrid ដែរ​ឬ​ទេ?

“ វា​ពិត​ជា​ពិបាក​ ក្នុង​ការ​និយាយ​ពី​ពាន​ La liga ក្នុង​ខែ​ធ្នូ។ វា​ពិត​ជា​គួរ​ឲ្យ​ជឿ​ថា​ ប្រសិន​បើ​យើង​អាច​​ឈ្នះ​​នោះ​យើង​នឹង​ឈាន​ដល់​ជំហាន​មួយ​ទៀត​ តែ​យើង​មិន​អាច​បំភ្លេច​ At. Madrid នោះ​ទេ ​ដែល​កំពុង​តាម​យើង​ពី​ក្រោយ​៦​ពិន្ទុ។ ពួក​យើង​ទន្ទឹង​រងចាំ​លេង​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ ​ហើយ​ព្យាយាម​យក​បី​ពិន្ទុ“៕