ក្លិបបាល់ទាត់ដែលធ្លាប់ល្បីល្បាញខ្លាំងមួយរបស់អ៊ីតាលី Parma ឈ្នះការដំឡើងមកក្របខ័ណ្ឌ Serie A វិញសម្រាប់រដូវកាល២០១៨-១៩ខាងមុខ បន្ទាប់ពីផ្ដួល Spezia ២-០ ចុងសប្ដាហ៍មុន ធានាបានលេខ២ក្នុងក្របខ័ណ្ឌ Serie B ស្របពេលគូប្រជែង Frosinone ស្មើ២-២ជាមួយ Foggia។
Parma មានយុគខ្លាំងបំផុតពីឆ្នាំ១៩៩២ដល់២០០២ ដោយឈ្នះពានចំនួន៨ រួមមាន Coppa Italia ៣ដង, Supercoppa Italiana ១ដង, UEFA Cup ២ដង, European Super Cup ១ដង, UEFA Cup’s Winners’ Cup ១ដង និងបានលេខ២ក្នុងលីគកំពូលអ៊ីតាលីរដូវកាល១៩៩៦-៩៧។
ប៉ុន្តែនៅចុងឆ្នាំ២០០៣ វិបត្តិហិរញ្ញវត្ថុផ្ដើមកើតឡើងក្នុងក្លិបនេះ រហូតប្រកាសធនក្ស័យក្នុងឆ្នាំ២០១៥ ហើយចាប់ផ្ដើមកសាងក្លិបឡើងវិញពីក្របខ័ណ្ឌ Serie D (លីគទី៤)។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ Parma ឈ្នះការដំឡើងលីគ៣ដងជាប់គ្នា ដែលធ្វើឱ្យពួកគេក្លាយជាក្លិបអ៊ីតាលីទី១ដែលធ្វើបានដូច្នេះ។
ដោយឡែក Empoli ក៏ឡើងមក Serie A ដែរក្នុងនាមជើងឯកលីគទី២ដោយដាច់១៣ពិន្ទុ។ កៅអីលីគកំពូលមួយទៀតសម្រាប់យកគឺ Frosinone ត្រូវលេង២ជើងនៅថ្ងៃទី២៩ឧសភានិង២មិថុនា ជាមួយ Bari ឬ Cittadella បន្ទាប់ពីក្រុមទាំង២ខាងក្រោយប្រកួតគ្នារួចរាល់។ រីឯក្រុម Palermo នឹងត្រូវប៉ះអ្នកឈ្នះរវាង Venezia និង Perugia ដើម្បីរក្សាកៅអីលីគកំពូល៕