ថ្វីបើការចរចាលើលក្ខខណ្ឌនៃកិច្ចសន្យានៅកំពុងបន្តធ្វើនៅឡើយ ប៉ុន្តែក្លិប Vissel Kobe នៃលីគកំពូលជប៉ុន សង្ឃឹមថាអាចប្រកាសនៅថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨អំពី Andres Iniesta ជាសមាជិកថ្មីរបស់ពួកគេ។
មានពាក្យចចាមអារ៉ាមថាក្លិប Vissel Kobe ត្រៀមកិច្ចសន្យារយៈពេល៣ឆ្នាំសម្រាប់អតីតប្រធានក្រុម Barcelona វ័យ៣៤ឆ្នាំ ហើយរូបគេអាចមកដល់ជប៉ុននៅថ្ងៃព្រហស្បតិ៍ទី២៤ខែឧសភា រួចត្រលប់ទៅអេស្ប៉ាញវិញដើម្បីចូលជំរំជាមួយមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញត្រៀមសម្រាប់ World Cup 2018។
ក្លិប Kobe បានរៀបចំគម្រោងធ្វើពិធីបង្ហាញខ្លួន Iniesta រួចហើយ ហើយនាយកប្រតិបត្តិក្រុមហ៊ុន Rakuten លោក Hiroshi Mikitani នឹងធ្វើជាពិធីករក្នុងពិធីនោះ។
សូមបញ្ជាក់ថាលោក Mikitani ដែលក្រុមហ៊ុន Rakuten របស់លោកឧបត្ថម្ភ Barcelona នោះ គឺជាតួអង្គស្នូលនៃការចរចានាំយក Iniesta មកជប៉ុន។