កំពូល​ Super Star របស់ ​Barcelona កីឡាករ​ Lionel Messi ពេល​នេះ ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​ក្នុង​ការ​បន្ត​កុង​ត្រា​ថ្មី​ នេះ​បើ​តាម​ប្រភព​ Cadena Ser ​ខណៈ​កុង​ត្រា​ចាស់​នឹង​ផុត​កំណត់​ក្នុង​រដូវ​កាល​ក្រោយ​នេះ​ហើយ។

ប្រភព​ដដែល​បាន​និយាយ​ថា​ Messi នឹង​ស៊ីញេ​​កុង​ត្រា​បន្ថែម​បី​ឆ្នាំ​​ជាមួយ​នឹង​ជម្រើស​ថែម​មួយ​រដូវ​កាល​ទៀត​ ខណៈ​តម្លៃ​កុង​ត្រា ​ត្រូវ​បាន​បញ្ចេញ​គឺ​ថា​មាន​ការ​កើន​ឡើង​ពី​២៥០​លាន​អឺរ៉ូ​ទៅ​៤០០​លាន​អឺរ៉ូ​​ ដែល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ Barca ចង់​ទប់​មិន​ឲ្យ​រូប​គេ​ទៅ​លេង​នៅ​កន្លែង​ផ្សេង​ទៀត។

ក្នុង​នេះ​គឺ​កីឡាករ​វ័យ​២៩​ឆ្នាំ​ នឹង​នៅ​លេង​ក្នុង​ទឹក​ដី ​Camp Nou ដល់​ឆ្នាំ ២០២១​ ខណៈ​ដៃគូ​ប្រយុទ្ធ​ MSN២​រូប​ទៀត​មាន​កុង​ត្រា​ដល់​២០២១​ដូច​គ្នា។ របាយការណ៍​ Cadena Ser បញ្ជាក់​ទៀត​ថា​​ប្រធាន​ក្លឹប​លោក  Josep Maria Bartomeu  បាន​ទៅ​ជួប ​Messi ​និង​ឪពុក​របស់​គាត់​ Jorg Messi ក្នុង​លក្ខណៈ​ផ្ទាល់​ខ្លួន​​ពិភាក្សា​លើក​ការ​បន្ត​កុង​ត្រា​នេះ។

នេះ​មាន​ន័យ​ថា​ការ​កាន់​ប៊ិក​ស៊ីញេ​កុង​ត្រា​ថ្មី​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣០​មិថុនា ​​ហើយ​កុង​ត្រា​ថ្មី​​នេះ​ Barcelona នឹង​ឲ្យ​ប្រាក់​ឈ្នួល​ Messi លើ​កុង​ត្រា​ថ្មី​ពេល​ចូល​រដូវ​កាល​ថ្មី៕​