អតីត​ខ្សែ​បម្រើ​ក្លឹប​ Real Madrid លោក Guti ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​ Neymar លេង​ជាមួយ​ Cristiano Ronaldo ក្នុង​តំបន់​ប្រយុទ្ធ​ជាមួយ​គ្នា​ នៅ​ក្លឹប​ម្ចាស់​ជើង​ឯក​ Champions League ២០១៧។

Neymar បាន​ចាក​ចេញ​ពី ​Barcelona ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​បំបែក​កំណត់​ត្រា​ថ្លៃ​ជាង​គេ ​ទៅ​លេង​នៅ​ប្រទេស​បារាំង​ដោយ​ចូល​រួម​ជាមួយ ​Paris Saint-Germain​ប៉ុន្តែ​យ៉ាង​ប្រធាន​ក្រុម​ប្រេស៊ីល​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង ​Real Madrid រួច​ទៅ​ហើយ។

បែប​ណា​ក្ដី​!​បន្ទាប់​ពី​ចំណាយ​ពេល​៩​ឆ្នាំ​នៅ​កីឡដ្ឋាន​Santiago Bernabeu, Ronaldo ត្រូវ​បាន​គេ​គិត​ថា ​អាច​នឹង​ចាក​ចេញ​នៅ​ថ្ងៃ​ណា​មួយ។ ប៉ុន្តែ​ Guti ដែល​សព្វថ្ងៃ​កំពុង​បង្វឹក​ឈុត​យុវជន​របស់ ​Real មិន​ច្បាស់​ទេ​ថា​តើ​ Neymar នឹង​មក​ជំនួស​Ronaldo​នៅ​ថ្ងៃ​ណា​មួយ​ ប៉ុន្តែ​គំនិត​គាត់​វិញ​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​លេង​ជាមួយ​គ្នា​ក្នុង​ក្រុម​តែ​មួយ។

“ Neymar គឺ​ជា​កីឡាករ​មិន​ដូច​គេ​ផ្សេង​នោះ​ទេ។ គាត់​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ទាំង​បី​ក្នុង​ពិភពលោក​។​ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ភាព​ល្អ​បំផុត​ក្នុង​ពិភពលោក” អតីត​កីឡាករ​ធ្លាប់​ជួយ​ Real Madrid ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ Champions League ៣​សម័យ​កាល​បាន​និយាយ​ក្នុង​កាសែត ​MARCA។

“ប្រសិន​បើ​ Ronaldo មិន​នៅ​ Real Madrid ទេ​អ្នក​ត្រូវតែ​គិត​អំពី​វា​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ឃើញ Neymar លេង​ជាមួយ​Ronaldo ក្នុង​ឈុត​ពណ៌​ស​របស់​ក្លឹប”។

Neymar រក​បាន​២៨​គ្រាប់​ហើយ​ក្នុង​ចំណោម​២៧​ប្រកួត​រដូវ​កាល​នេះ​​ហើយ​ក្រុម ​PSG របស់​គេ​ នឹង​ធ្វើ​ដំណើរ​មក​កីឡដ្ឋាន​Bernabeu ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​ពាន​ Champions League នៅ​ថ្ងៃ​ស្អែក​នេះ៕