លោក Jose Moutinho ​មិន​បាន​ឲ្យ​ខ្សែ​ប្រយុទ្ធ ថ្មី​របស់​ Romelu Lukaku របស់​ខ្លួន​សម្រាក​ឬ​អង្គុយ​កៅអី​បម្រុង​នោះ​ទេ​​ ដរាប​ណា​ Zlatan Ibrahimovic មិន​ទាន់​ត្រឡប់​មក​វិញ​។

ដើម​រដូវ​កាល​ដំបូង​នៅ Old Trafford, Lukaku រក​បាន​១០​គ្រាប់​ហើយ​ក្នុង​៩​ប្រកួត​គ្រប់​ពាន​រង្វាន់ ក្រោយ​​ចាក​ចេញ​ពី​ Everton​ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន។ Mourinho​ ដែល​នឹង​ទទួល​ក្រុម​បាត​តារាង​ Crystal Palce នៅ​យប់​នេះ​ បាន​និយាយ​ថា​​ ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ Lukaku នៅ​តែ​បន្ត​លេង​ដោយ​មិន​បាន​​សម្រាក​នោះ​ឡើយ​រហូត​ទាល់​តែ ​Ibrahimovic ជា​ពី​របួស​ត្រឡប់​មក​​លេង​លើ​ទីលាន​វិញ។

Lukaku

“​គ្មាន​ Zlatan យើង​មិន​អាច​ប្ដូរ​ខ្សែ​ប្រយុទ្ធ​បាន​ទេ ពិសេស​ដោយ​សារ​តែ​ Marcus Rashford ក៏​លេង​ដំណែង​មិន​មែន​លេខ​៩​នេះ​ដែរ​។​​ ​គ្មាន Zlatan ​យើង​មិន​អាច​ឲ្យ​ខ្សែ​ប្រយុទ្ធ​របស់​យើង​សម្រាក​បាន​ទេ​​គឺ​ដូច​តំបន់​ដទៃ​ៗ​ទៀត​ក្នុង​ទីលាន​អញ្ចឹង”។

Lukaku ហាក់​មិន​បាន​បង្ហាញ​ពី​ភាព​ធ្លាក់​ទម្រង់​លេង​របស់​ខ្លួន​ក្នុង​តំបន់​ប្រយុទ្ធ​នៅ​Man Utd នោះ​ទេ​​ដោយ​រូប​គេ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​បែលហ្សិក​ក្នុង​វគ្គ​ជម្រុះ​ World Cup ទៀត​ផង៕