គ្រូ​បង្វឹក ​Manchester United លោក Jose Mourinho សង្ឃឹម​ថា​នឹង​ដាក់​ឲ្យ​ Alexis Sanchez លេង​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​ស្លាប​ស្ដាំ​ក្នុង​ដំណែង​ប្រយុទ្ធ​ទាំង​បី​ដោយ​មាន ​Romelu Lukaku ប្រយុទ្ធ​កណ្ដាល ​និង ​Anthony Martial ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង។

ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ Manchester សង្ឃឹម​ថា​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ីលី​រូប​នេះ​ ទោះ​បី​ជា​ត្រូវ​អស់​ Henrikh Mkhitaryan ប៉ុន្តែ​កីឡាករ​នាំ​លេង​សញ្ជាតិ​អាមិននៀ ​មិន​ទាន់​សម្រេច​ចិត្ត​ចេញ​ទៅ​កាន់​កីឡដ្ឋាន ​Emiratesនៅឡើយ។

ផ្នែក​មួយ​​នៃ​ការ​សម្រេច​ចិត្ត​របស់​ Sanchez ជ្រើស​យក​ United ទុក​ចោល ​Man City គឺ​ជា​ឱកាស​ល្អ​សម្រាប់​គាត់​ ប៉ុន្តែ​លោក​ Jose Mourinho មាន​គម្រោង​ប្រើ​ប្រាស់​គាត់​ក្នុង​ដំណែង​ខុស​ពី​អ្វី​ដែល​គាត់​ធ្លាប់​លេង​នៅ ​Arsenal។ Sanchez លេង​ក្នុង​ដំណែង​ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង ​ក្នុង​តំបន់​ប្រយុទ្ធ​ទាំង​បី​នៅ​ក្រុម​កាំភ្លើង​ធំ ​ប៉ុន្តែ​​នៅ ​Man Utd កន្លែង​នេះ ​Anthony Martial ស៊ី​ដាច់​មុខ​ហើយ ​​ខណៈ​ដែល ​Romelu Lukaku ខ្សែ​ប្រយុទ្ធ​លេខ​៩​ដែល​ត្រូវ​ឈរ​កណ្ដាល។

តាម​ប្រភព ​Mirror លោក Jose Mourinho នឹង​ដាក់​ឲ្យ​អតីត​ខ្សែ​ប្រយុទ្ធ ​Barcelona រូប​នេះ​លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប​ស្ដាំ​ដែល​ជា​កន្លែង​ Juan Mata កំពុង​លេង​​តែ​បើ​តាម​នេះ​ពិត​មែន​ កីឡាករ​អេស្ប៉ាញ​នឹង​ទុក​តំណែង​នេះ ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ស៊ីលី។

កាល​លេង​នៅ ​Barcelona, Sanchez លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្ដាំ ​ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​ភ្លាម​ៗ ​ដែល​នឹង​អាច​ត្រូវ​ប្រើ​ប្រាស់​សម្រាប់ ​Sanchez ដែល​នឹង​ត្រូវ​មក​លេង​នៅ​ Man Utd ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។​ បិសាច​ក្រហម​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ ជាមួយ ​Sanchez ហើយ​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​កីឡាករ​ម្នាក់​នេះ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​ក្នុង​ Premier League គឺ​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

អញ្ចឹង​ក៏​ដោយ​! លោក Mino Raiola ភ្នាក់​ងារ​របស់​ Mkhi បាន​ព្រមាន​កាល​ពី​ម្សិលមិញ​ថា​ការ​ផ្ទេរ​យក​ Alexis Sanchez អាច​នឹង​បរាជ័យ​បើ​កីឡាករ​រូប​នេះ​មិន​សម្រេច​ចិត្ត​ទៅ​លេង​នៅ ​Arsenal៕