ដោះដូរ​កីឡាករក្នុង​បាល់ទាត់៖ គេហទំព័រ អាណាចក្រ​កីឡា​ ​​សូម​សង្ខេប​ព័ត៌មាន​ដោះដូរ​កីឡាករ​ល្បី​ៗ​បំផុត​ប្រចាំ​ថ្ងៃ​​ទី​២០ ​ខែ ​មិថុនា ​ឆ្នាំ ២០១៧ ​ខណៈ​កីឡាករ​សំខាន់​ៗ​មាន​ដូច​ជា៖ Paulinho, Sachez, Diego Costa, Hazard…..ព្រម​ទាំង​ក្លឹប ​Real Madrid…​ជាប់​ទាក់ទង​ក្នុង​ព័ត៌មាន​នេះ​ផង​ដែរ។

ប្រភព​ព័ត៌មាន​ The Sunday បាន​ឲ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ​ក្លឹប ​Chelsea ២​រូប​គឺ Eden Hazard និង​ Diego Costa នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ​ហើយ​។  Real Madrid កំពុង​បង្កើន​ទំនុក​ចិត្ត​ក្នុង​ចុះ​កុង​ត្រា​យក ​Hazard ក្នុង​តម្លៃ​១០០​លាន​ផោន ​ខណៈ​ពេល​ដែល ​Costa​ចង់​ចាក​ចេញ​ពី​អង់គ្លេស​ ហើយ​រូប​គេ​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​នៅ​លីក​កំពូល​ចិន។

ក្លឹប​យក្ស​អាល្លឺម៉ង់ ​Bayern Munich កំពុង​ទាក់ទង​ពិភាក្សា ​ជាមួយ​ខ្សែ​បម្រើ Paulinho របស់​​ជម្រើស​ជាតិ​ប្រេស៊ីល​ និង​​ក្លឹប​  Guangzhou Evergrande  ដើម្បី​ធ្វើ​ការ​ផ្ទេរ​នៅ​រដូវ​ក្ដៅ​នេះ​។ ប្រភព RMC និយាយ​ថា​ អតីត​កីឡាករ​របស់ ​Spurs បង្ហាញ​ទម្រង់​លេង​ទាក់​ភ្នែក​លោក Carlo Ancelotti ហើយ​លោក​ជឿ​ថា​រូប​គេ​អាច​ជួយ​តំបន់​បម្រើ​របស់ ​Bayern បាន​ច្រើន។

ចំណែក​ក្លឹប ​Man City វិញ​កំពុង​នាំ​មុខ​គេ ​ក្នុង​ចុះ​កុង​ត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី Alexis Sanchez ពី​ក្រុម​កាំភ្លើង​ធំ​ នេះ​បើ​តាម​ប្រភព​ពី​កាសែត​ប្រចាំ​ថ្ងៃ​ឈីលី Cooperativa ។ ក្រុម​របស់​លោក  Pep Guardiola បាន​រៀប​ចំ​លុយ​៥០​លាន​ផោន​ទិញ ​Sanchez ខណៈ​កីឡាករ​វ័យ​២៨​ឆ្នាំ កំពុង​មិន​សប្បាយ​ចិត្ត​ជាមួយ ​Arsenal។

Real Madrid បាន​រៀប​ចំ​រួច​ហើយ​ ក្នុង​ការ​លក់​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ BBC ហើយ​កីឡាករ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​គឺ​ Gareth Bale ។​នេះ​បើ​តាម​ប្រភព​កាសែត​អេស្ប៉ាញ​ Don Balon។ ថ្នាក់​ដឹកនាំ​របស់​កីឡដ្ឋាន​  Santiago Bernabeu ចង់​ពង្រឹង​តំបន់​ប្រយុទ្ធ​សារ​ជា​ថ្មី​បន្ទាប់​ពី ​Gareth Bale មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ហើយ​ថែម​តាំង​របួស​ញឹក​ញាប់​ទៀត៕

 

ប្រភព៖ Goal Summary.