ក្រុម​មាន់​ខ្នាយ​មាស​ Tottenham បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​ចុះ​កុង​ត្រា​ យក​ខ្សែ​ការពារ​ស្លាប​របស់​ក្រុម​ PSG កីឡាករ​ Serge Aurier ក្នុង​តម្លៃ​២៣​លាន​ផោន​កុង​ត្រា​ដល់​ឆ្នាំ​២០២២។

Aurier ក្លាយ​ជា​កីឡាករ​ទី​បួន​របស់​លោក Mauricio Pochettino ចុះ​កុង​ត្រា​ថ្មី​ក្នុង​រដូវ​កាល​នេះ ​បន្ទាប់​ពី​លោក​ទិញ​បាន​ Paulo Gazzaniga, Juan Foyth និង Davinson Sanchez ។ ខ្សែ​ការពារ​រូប​នេះ​បាន​រងចាំ​ឲ្យ​ឯក​សារ​នៃ​ការ​ផ្ទេរ​ស៊ីញេ​រួច​រាល់​ទាំង​ការ​បង់ពន្ធ​ ប៉ុន្តែ​ពេល​នេះ​រូប​គេ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដល់​អង់គ្លេស​ហើយ។

កីឡាករ​រូប​នេះ​នឹង​មក​ជំនួស​កន្លែង​របស់ Kyle Walker ដែល​បាន​ចេញ​ទៅ​លេង​នៅ​ Manchester City ក្នុង​តម្លៃ​៥០​លាន​ផោន​កាល​ពី​ដើម​រដូវ​កាល។ មុន​មក​ដល់​ក្រុម​មាន់​ខ្នាយ​មាស​ Aurier ធ្លាប់​ឈ្នះ​ពាន​ French Cups ២​ដង​ជាមួយ ​PSG ប៉ុន្តែ​ការ​ចូល​មក​ដល់​របស់​ខ្សែ​ការពារ​ប្រកប​ដោយ​បទ​ពិសោធន៍​ Dani Alves ធ្វើ​ឲ្យ​រូប​គេពិបាក​បង្ហាញ​ជម្រើស​ដំបូង​ជាមួយ​ក្លឹប៕