កាលពីពេលថ្មីនេះ មេធាវីអេហ្ស៊ីបមួយរូបឈ្មោះ Bassem Wahba បានដាក់ពាក្យប្ដឹង Sergio Ramos រឿងធ្វើឲ្យខ្សែបម្រើប្រយុទ្ធ Mohamad Salah របួសស្មាកាលពីក្នុងប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Champions League។
មេធាវីអេហ្ស៊ីបខាងលើរូបនេះបាននិយាយថា លោកបានដាក់ពាក្យប្ដឹង Ramos ទៅ FIFA ពីបទបង្កហេតុដោយចេតនាទាំងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តទៅដល់ Salah និងប្រជាជនអេហ្ស៊ីបទាំងមូល។ ក្នុងពាក្យបណ្ដឹងនេះ លោក Wahba បានទារសំណងជំងឺចិត្តចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយលោក Wahba សន្យាថានឹងយកថ្លៃសំណងនេះទៅបរិច្ចាគជូនមូលនិធិសង្គមរបស់រដ្ឋឈ្មោះ Long Live Egypt Fund។
សូមបញ្ជាក់កាលពីប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រកាលពីវេលាអាធ្រាត្រថ្ងៃសៅរ៍កន្លងទៅ Salah បានរងរបួសស្មា និងត្រូវបានដូរចេញនៅនាទីទី៣០តាំងពីវគ្គទីមួយខណៈ Liverpool បានចាញ់ Real Madrid ដោយលទ្ធផល៣ទល់នឹង១ នៅក្នុងប្រទេសអ៊ុយក្រែន។