ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចុះ​កុង​ត្រា​យក​​ខ្សែ​ប្រយុទ្ធ​ Borussia Dortmund កីឡាករ​ Pierre-Emerick Aubameyang បាន​ហើយ​នេះ​បើ​តាម​ការ​ប្រកាស​ក្នុង​វេបសាយ​ផ្លូវ​ការ​របស់​ក្លឹប។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាបុង​បាន​ក្លាយ​ជា​គោលដៅ​របស់​Arsenal ត្រឹម​ប៉ុន្មាន​សប្ដាហ៍​នេះ​ ប៉ុណ្ណោះ​ក្រោយ​ Alexis Sanchez ផ្ទេរ​ទៅ​លេង​នៅ​ Manchester United ហើយ​លោក Arsene Wenger ទទួល​បាន​គោលដៅ​ចង់​បាន​របស់​ខ្លួន​ ខណៈ​កីឡាករ​រូប​នេះ​មាន​តម្លៃ​បំបែក​កំណត់​ត្រា​របស់​ក្លឹប ​និង​កុង​ត្រា​រយៈ​ពេល​យូរ។

ការ​ផ្ទេរ​មក​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងបើក​ទ្វារ​ឲ្យ​ Olivier Giroud ទៅ​ Chelsea ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ​ Michy Batshuayi ទៅ​លេង​នៅ ​Dortmund ជំនួស​ Aubameyang វិញ។ ប្រភព​នៅ​អង់គ្លេស​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ការ​ផ្ទរ​នេះ ​មាន​តម្លៃ​៦៣.៧៥​លាន​ផោន​ ជាមួយ​នឹង​កុង​ត្រា​៣​ឆ្នាំ​កន្លះ​ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​១៨០០០០​ផោន​ដែល​តម្លៃ​នេះ​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​របស់ ​Arsenal។

 

មុន​ចាក​ចេញ​ពី​ Dortmund មក​ Arsenal កីឡាករ​មាន​ដើម​កំណើត​មក​ពី​ទ្វីប​អាហ្វ្រិក​រក​បាន​៩៨​គ្រាប់ ​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់​ក្នុង​ចំណោម​ការ​ចូល​លេង​១៤៤​ប្រកួត៕