Barcelona និងក្របខ័ណ្ឌ La liga អាចនឹងបាត់បង់ Super Star របស់ខ្លួនក្នុងរដូវក្ដៅនេះ ប៉ុន្តែការចាកចេញរបស់ Neymar ទៅលេងនៅ PSG មិនបានឲ្យប្រធាន La liga លោក Javier Tebas ព្រួយបារម្ភដូចបាត់បង់ Cristiano Ronaldo ឬក៏ Messi នោះទេ។
លោកបាននិយាយ ដោយចង្អុលទៅកាន់ប្រធានក្លឹបមានមូលដ្ឋាននៅទឹកដី Catalan ថាក្លឹប Barcelona ធំជាងកីឡាករជម្រើសជាតិប្រេស៊ីលម្នាក់ ពេលដែលលោកត្រូវបានអ្នកកាសែតសួរពីចំណាប់អារម្មណ៍ Neymar ប្ដូរទៅលេងបារាំង។
“ La liga និងBarcelona គឺធំជាង Neymar ។ ខ្ញុំគួរតែបារម្ភប្រសិនបើ Cristiano Ronaldo ឬក៏ Lionel Messi ត្រូវចាកចេញ”។
ប្រធានក្របខណ្ឌ La liga រូបនេះក៏បាននិយាយពីគម្រោងដាក់ពាក្យបណ្ដឹងតទល់ជាមួយ PSG លើរឿងដែលពួកគេរំលោភបំពានទៅលើច្បាប់ហិរញ្ញវត្ថុ។
“ ទោះបីជាពួកគេមិនចំណាយលុយទិញ Neymar ផ្ដាច់កុងត្រាក៏ដោយ ពួកយើងនឹងប្ដឹងពីរឿងនេះ។ ពួកគេមិនអាចចំណាយលុយលើរឿងនេះច្រើនជាងBarcelona ឬក៏ Real Madrid បានទេ”៕