គេហទំព័រ​ Football Leak បាន​ទម្លាយ​ពី​ចំនួន​ប្រាក់​ដែល​ ខ្សែ​ប្រយុទ្ធ ​Liverpool កីឡាករ Roberto Firmino ប្រចាំ​ប្រចាំ​សប្ដាហ៍ ​រួម​ជាមួយ​នឹង​ប្រាក់​រង្វាន់​ពេល​រក​គ្រាប់​បាល់​បាន​។ នេះ​គឺ​ជា​មូលហេតុ​ដែល​កីឡាករ​ប្រេស៊ីល​រក​បាន​គ្រាប់​បាល់​ញឹក​ញាប់។

អតីត​ខ្សែ​ប្រយុទ្ធ​ Hoffenhiem រក​បាន​២​គ្រាប់​កាល​លេង​ទល់​នឹង​ Swansea ដែល​ធ្វើ​ឲ្យ​គ្រាប់​បាល់​រក​សរុប​ក្នុង​រដូវ​កាល​នេះ​គឺ​១៦​គ្រាប់​ ស្មើ​នឹង​ប្រាក់​បន្ថែម​លើក​ទឹក​ចិត្ត​១៥​ម៉ឺន​ផោន​ បូក​ជាមួយ​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍។

វេបសាយ​ខាង​លើ​បាន​បញ្ជាក់​ថា ​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​របស់​ Firmino បាន​៦៨០០០​ផោន​ក្នុង​មួយ​អាទិត្យ ​បូក​រួម​ជាមួយ​នឹង​ប្រាក់​បន្ថែម​នៃ​ការ​រក​គ្រាប់​បាល់។​​ នេះ​មាន​ន័យ​ថា​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​  រក​បាន​គ្រាប់​បាល់​កាន់​តែ​ច្រើន​ប្រាក់​បន្ថែម​នៃ​ការ​រក​គ្រាប់​បាល់​កាន់​តែ​កើន។

Football Leaks បាន​និយាយ​ថា​ ៥​គ្រាប់​ដំបូង​របស់​ Firmino​ ដែល​រក​បាន​ក្នុង​រដូវ​កាល​នេះ​មាន​តម្លៃ​២៥០០០​ផោន​​ ហើយ​ចាប់​ពី​គ្រាប់​ទី​៦​ដល់​១០​មាន​តម្លៃ​៤៥០០០​ផោន​ ចំណែក​គ្រាប់​បាល់​ចាប់​ទី​១១​ទល់​១៥​មាន​តម្លៃ​៦៥០០០​ផោន​ ហើយ​ចាប់​ទី​១៦​ទៅ​២០​មាន​តម្លៃ​កើន​ដល់​៨៥០០០​ផោន។

តាម​ពិត​ទៅ​រដូវ​កាល​នេះ ​រូប​គេ​លេង​បាន​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp ដោយ​រក​បាន​១៦​គ្រាប់​ និង​បញ្ជូន​បាល់​បាន​៨​ដង​ក្នុង​ចំណោម​២៧​ប្រកួត​នៅ​រដូវ​កាល​នេះ​ គ្រប់​ពាន​រង្វាន់​រួម​ទាំង​គ្រាប់​បាល់​៦​គ្រាប់​ និង​ Assist ៦​គ្រាប់​ទៀត​នៅ​ Champions League។

 

មក​ដល់​ពេល​នេះ​ការ​ប្រកួត​គ្រប់​ក្រប​ខណ្ឌ​ទើប​ដើរ​ដល់​ពាក់​កណ្ដាល​ប៉ុណ្ណោះ ​ដែល​នេះ​ជា​ឱកាស​ឲ្យ ​Firmino រក​លុយ​បាន​កាន់​តែ​ច្រើន​​មុន​ចប់​រដូវ​កាល​៕