តាមប្រភពរបាយការណ៍ពីកាសែតកីឡាជាច្រើន នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា សហព័ន្ធបាល់ទាត់អាមេរិក បានចាប់ផ្ដើមពិភាក្សាជាមួយក្រុមជម្រើសជាតិខ្លាំងៗមួយចំនួនដែលមិនបានលេង World Cup នៅរុស្សីដូចគ្នា ឲ្យបង្កើតពានថ្មីមួយហើយប្រកួតគ្នានៅឆ្នាំក្រោយ។
នេះមានន័យថា អ៊ីតាលីដែលជាក្រុមលំដាប់មួយធ្លាក់ចេញពី World Cup លើកដំបូងក្នុង៦០ឆ្នាំចុងក្រោយ ហុល្លង់ និងឈីលីអាចចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ បើការពិភាក្សានេះជោគជ័យ។ ប្រភពDaily Mail,សហរដ្ឋអាមេរិក បាននឹកឃើញគំនិតមួយគឺបង្កើតពានថ្មី ហើយសហព័ន្ធបាល់ទាត់អាមេរិកក៏បានបញ្ជាក់ដែរថាវាត្រូវនឹងបរិបទនៃការរីកចម្រើននៃបាល់ទាត់។
អាមេរិកបានធ្លាក់ចេញពី World Cup ដោយសារចាញ់ជម្រើសជាតិទ្រីនីដាត និងតូបេកូ កាលពីខែមុន ខណៈ ឈីលី ហុល្លង់ និងអ៊ីតាលី ត្រូវបានធ្លាក់ចេញពីការប្រកួតរៀងៗខ្លួន។ អ៊ីតាលី និងហុល្លង់អាចនឹងចូលរួមក្នុងពាននេះ បើអាចកើតឡើងមែន ដើម្បីពង្រឹងសមត្ថភាពឡើងវិញក្រោយខកចិត្ត។
ចំណែក USA និងឈីលីក៏ត្រូវចូលរួម បើចង់ពង្រឹងសមត្ថភាពលេងពាន Copa America 2019។តែអ្វីដែលកំពុងជាបញ្ហានោះ ថាតើ FIFA អនុញ្ញាតិឲ្យបង្កើតពានសម្រាប់អ្នកធ្លាក់ World cup នេះដែរឬអត់ខណៈការប្រកួត World Cup ពិតប្រាកដកំពុងដំណើការ៕