ព័ត៌មានដោះដូរកីឡាករ៖ Borassia Dortmund បានរាយការណ៍ថាបាននិយាយដោយចំហរលើកិច្ចពិភាក្សាយកខ្សែប្រយុទ្ធ Oliver Giroud ក្នុងរដូវកាលនេះដើម្បីជំនួស Pierre-Emerick Aubameyang ដែលជាគោលដៅរបស់ Chelsea។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងត្រូវបាន Arsenal កំណត់តម្លៃខ្លួន៣៥លានផោន បើមានក្លឹបណាមួយចង់បាន តែរូបគេនៅមានក្លឹបជាច្រើនចង់បាន ហើយភាគរយនៃការចាកចេញពី Emirate Stadium ក៏មានច្រើនដែរ។ Giroud មានវ័យ៣០ឆ្នាំហើយមិនបានជាប់ជម្រើសដំបូងពេញលេញ ក្រោមការដឹកនាំរបស់ Arsene Wenger កាលពីរដូវកាលមុន ហើយពេលនេះរូបគេក៏ត្រូវប្រឈមមុខជាមួយ កីឡាករ Alexander Lacazette ដែលទើបមកដល់ក្នុងតម្លៃ៥២លានផោន។
Dortmund នៅតែមានចំណាប់អារម្មណ៍ជាមួយ Giroud ហើយកាសែត Daily Mirror បញ្ជាក់ថា ពួកគេបានជួបគ្នាពិភាក្សាលើកិច្ចព្រមព្រៀង នាំយកកីឡាករជម្រើសជាតិបារាំង ទៅលេងនៅអាល្លឺម៉ង់ ខណៈពួកគេរៀបចំឲ្យAubameyang ចាកចេញក្នុងតម្លៃ៦៥លានផោន។
ក្រៅពីក្លឹបខាងលើ, Everton, West Ham និងក្លឹបនៅ Ligue 1 ក៏ចង់បានដែរ ប៉ុន្តែផ្ទេរទៅលេងនៅ Dortmund ជាជម្រើសល្អជាងគេ។ គ្រូបង្វឹកសញ្ចាតិបារាំងនៅតែទុកចិត្តអតីតខ្សែប្រយុទ្ធក្លឹប Montpellier រូបនេះ ក្នុងគម្រោងសម្រាប់រដូវកាលក្រោយ តែយ៉ាងណាលោកក៏ពិបាកឃាត់មិនឲ្យចេញដែរ ព្រោះកីឡាករចង់ចូលលេងបានច្រើន ដើម្បីមានឱកាសជាប់ជម្រើសជាតិក្នុង World cup 2018 នៅរុស្សីឆ្នាំក្រោយ ខណៈដំណែងរបស់គេនៅក្នុងជម្រើសជាតិបច្ចុប្បន្ន ស្ថិតក្នុងកៅអី១១នាក់ដំបូង៕