ប្រភព​មក​ពី​អាល្លឺម៉ង់​ឯណោះ​វិញ​ បាន​និយាយ​ថា​ក្លឹប​តោ​ខៀវ Chelsea បាន​ជ្រើស​រើស​យក​លោក Thomas Tuchel អតីត​គ្រូ​បង្វឹក​ Dortmund មក​ធ្វើ​ជា​បេក្ខភាព​គ្រូ​បង្វឹក​ជំនួស​លោក Antonio Conte នៅ​កីឡដ្ឋាន​ Stamford Bridge។

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​ បាន​ចាក​ចេញ​ពី​ Dortmund កាល​ពី​ខែ​ឧសភា​ ដោយ​រឿង​មិន​នឹក​ស្មាន​ដល់​​ហើយ​លោក​នឹង​សម្រាក​ពី​ពិភព​បាល់ទាត់​។ បុរស​វ័យ​៤៣​ឆ្នាំ​បាន​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​បង្កើត​ភាពល្បាញល្បី ​អំឡុង​ពេល​ដឹកនាំ​ក្លឹប​ Dortmund ហើយ​ធ្លាប់​មាន​ទំនាក់ទំនង​ផ្ទេរ​មក​ដឹកនាំ​ក្រុម​កាំភ្លើង​ធំ​ Arsenal ជំនួស​លោក​ Arsene Wenger កាល​ពី​រដូវ​កាល​មុន។

Conte ​ឯណេះ​វិញ​ បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ​អំឡុង​ពេល​មក​បង្វឹក​កីឡាករ​ Chelsea ដោយ​ជួយ​ឲ្យ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​លីក​កំពូល​អង់គ្លេស។​ ប៉ុន្តែ​មួយ​រយៈពេល​នេះ រវាង​គាត់​ជាមួយ​នឹង​ក្លឹប ​ហាក់​មិន​មាន​ទំនាក់ទំនង​មិន​សូវ​ល្អ ​​ហើយ​បើ​តាម​ប្រភព​មួយ​ចំនួន​ លោក​នឹង​បញ្ចប់​អាជីព​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគខាងលិច​ទីក្រុង​ឡុងដុង​ហើយ។

ប្រភព​ Sport Bild ថា​ GM របស់ ​Chelsea លោក Marina Granovskaia កំពុង​រក​គ្រូ​បង្វឹក​មក​ជំនួស  ​ហើយ​លោក Tochel គឺ​ជា​បេក្ខភាព​ល្អ​ជាង​គេ​ ហើយ​អ្នក​គ្រប់​គ្រង់​ទូទៅ​ក្លឹប​មួយ​នេះ ​នឹង​នាំ​យក​បុរស​សញ្ជាតិ​អាល្លឺម៉ង់​មក​ដឹកនាំ​ Stamford Bridge ម្ដង​វិញ។ Marina Granovskaia ត្រូវ​បាន​គេ​ដឹង​ថា​ជា​​អ្នក​មាន​ឥទ្ធិពល​នៅ ​Chelsea ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ការ​នាំ​យក​ Diego Costa ពី​ At. Madrid ក៏​គាត់​ជា​អ្នក​ណែនាំ​ដែរ។

ក្រៅ​ពី​អតីត​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ  Chelsea ក៏​បាន​មើល​ឃើញ​លោក Luis Enrique អតីត​គ្រូ​បង្វឹក​ Barcelona ​ជា​បេក្ខភាព​ផង​ដែរ​ប៉ុន្តែ​លោក Tochel គឺ​ជា​ជម្រើស​ល្អ​ជាង​ ដោយ​សារ​គ្រូ​បង្វឹក​រូប​នេះ​ចេះ​ភាសាអង់គ្លេស​ច្បាស់​ផង​នោះ៕