Monaco បាន​ប្រកាស​ការ​ចុះ​ហត្ថលេខា​យក​ Stevan Jovetic កុង​ត្រា​៤​ឆ្នាំ​ពី​ក្លឹប​ Inter Milan ហើយ​កីឡាករ​រូប​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​មក​ជំនួស​​Kylian Mbappe ដែល​ប្ដូរ​ទៅ​ PSG ។

Kylian Mbappe នឹង​ចេញ​ពី​ប្រទេស​ម៉ូណាកូ​ ទៅ​លេង​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​ទីក្រុង​ប៉ារីស ​ហើយ​ក្លឹប​លក់​កីឡាករ​ច្រើន​ជាង​គេ​មួយ​នេះ ​បាន​ចុះ​កុង​ត្រា​យក​ Jovetic ដែល​មាន​ទម្រង់​លេង​ល្អ​ដែរ​នោះ។ កីឡាករ​វ័យ​២៧​ឆ្នាំ​កំពុង​មាន​ទម្រង់​លេង​ល្អ​ពេល​លេង​នៅ​  Fiorentina  មុន​ពេល​មក​ចូល​រួម​ជាមួយ ​Man City ក្នុង​តម្លៃ​២២​លាន​ផោន​កាល​ពី​ឆ្នា ២០១៣។

រូប​គេ​ហាក់​មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​សោះ ​ពេល​មក​ដល់​អង់គ្លេស​ ដោយ​រកគ្រាប់​បាល់​បាន​ត្រឹម​តែ​៨​គ្រាប់​ក្នុង​ពាន​រង្វាន់​ Premier League។ កីឡាករ​ជម្រើស​ជាតិ​ម៉ុងតេណេក្រូ​ ក៏​បាន​ចំណាយ​ពេល​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ Inter Milan ហើយ​ Sevilla ប៉ុន្តែ​ពេល​នេះ ​រូប​គេ​បាន​មក​ចូល​រួម​ជាមួយ​ក្រុម​លោក Leonardo Jardim នៅ​កីឡដ្ឋាន​ Stade Louis II ហើយ។

ការ​ចុះ​កុង​ត្រា​នេះ​ នឹង​រក្សា​កីឡាករ​នៅ ​Monaco ​ដល់​ឆ្នាំ ២០២១ ​ខណៈ​ក្លឹប​ក៏​បាន​ចំណាយ​សេវា​ផ្សេង​ៗ​ឲ្យ​ Inter​ Milan ១១​លាន​អឺរ៉ូ​ផង​ដែរ៕