ក្រុម​ Pahang FA នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់​ក្រុម​ Johor Darul Takzim ក្នុង​ពាន​រង្វាន់​ Malaysian Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​នៅ​យប់​ថ្ងៃ​ទី​២០​ខែ​មេសា​ឆ្នាំ​២០១៨​នេះ។

ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹក​ដី​ក្រុម​ Pahang ​ក្រុម​ទាំងពីរ​បាន​ត្រឹម​ទទួល​លទ្ធផល​គ្មាន​គ្រាប់​​បាល់​ទាត់​បញ្ចូល​ទី​ហើយ​ជើង​ទី​ពីរ​នេះ​ជា​ដង្ហើម​ស្លាប់​រស់​របស់​ពួក​គេ​ដើម្បី​យក​ជ័យជម្នះ​ឡើង​​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

ក្រោយ​ពេល​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​របួស​ដូច​ជា​ខ្សែ​ការពារ​ សា្លប ប្រធាន​ក្រុម​ Matthew Davies របួស​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​លីបេរីយ៉ា​ Francis Forkey Doe និង​ខ្សែ​បម្រើ​សិង្ហបុរី​ Safuwan Baharudin សុទ្ធ​តែ​របួស​នោះ​​វឌ្ឍនាកា​និង​កីឡាករ​សំខាន់​ៗ​ដែល​នៅ​សល់​ត្រូវ​រត់​ដាច់​ជើង​ចោល​ដើម្បី​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ដែល​កំពុង​កាន់​អំណាច​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​​ម៉ាឡេស៊ី។

គេ​មិន​ដឹង​ថា​តើ​វឌ្ឍនាកា​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ដោយ​របៀប​ណា​នោះ​ទេ ខណៈ​ការ​ប្រកួត​កន្លង​មក​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​លេង​ខុស​តួនាទី​របស់​ខ្លួន​​ស្រប​ពេល​ទម្រង់​លេង​ហាក់​ធ្លាក់​ចុះ​ផង​នោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​នៅ​ម៉ោង​៩​និង​០០​នាទី​ម៉ោង​នៅ​ម៉ាឡេស៊ី​(​ម៉ោង​៨​នៅ​កម្ពុជា)​ ខណៈ ​ iflix និង​ទូរទស្សន៍​ hyppTV ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​នេះ​។