អង្គម្ចាស់ Tunku Ismail Sultan Ibrahim ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បាននិយាយថាទ្រង់នឹងត្រូវបិទ “គម្លាត” រវាងរូបទ្រង់ ជាមួយនិងក្រុមកីឡាបាល់ទាត់ជាតិ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការជ្រើសរើសកីឡាករ។

នេះជាការភ្ញាក់ផ្អើលមួយក្រោយពីការ រងបរាជ័យក្នុងលទ្ធផល ២ទល់០ របស់ម៉ាឡេស៊ី ក្រោមស្នាដៃហុងកុង នៅក្នុងការប្រកួតជម្រុះ Asian Cup កាលពីថ្ងៃអង្គារ កន្លងទៅ។

អង្គម្ចាស់ Tunku Ismail បានលើកឡើងថា ទ្រង់មិនបានស្តីបន្ទោសកីឡាករណាម្នាក់ទេ សូម្បីតែប្រធានក្រុម កីឡាករ ឲ Safiq Rahim ដែលបានទទួលកាតក្រហម សម្រាប់ការប៉ះទង្គិចជាមួយ កីឡាករ Daniel Rodriguez របស់ហុងកុង។

«ខ្ញុំដឹងថា អ្វីៗវានឹងកើតឡើង … ខ្ញុំក៏មិនចូលចិត្តជម្រើស១១នាក់ដំបូងដែរ ខ្ញុំមិនមានការរំពឹងទុកច្រើនទេ។ យើងបានប្រកួតជាមួយកីឡាករតែ១០នាក់ តើអ្នកអាចធ្វើអ្វីបាន?»។ អង្គម្ចាស់ Tunku Ismail បន្ថែម។

ទ្រង់ធ្លាប់បាននិយាយយូរមកហើយ អំពីតម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវស្នូលនៃក្រុមការងារ និងសារៈសំខាន់នៃការមានកីឡាករដែលចង់នៅទីនោះជំនួសឱ្យកីឡាករមិនមានប្រសិទ្ធភាព។

«ខ្ញុំត្រូវតែទទួលស្គាល់ថា ចម្ងាយរវាងក្រុមជម្រើសជាតិ និងខ្ញុំគឺធំណាស់»។ ទ្រង់បន្ថែម។

«ខ្ញុំគិតថាឥឡូវនេះជាពេលដែលខ្ញុំត្រូវការជិតស្និទ្ធ (ទៅនឹងក្រុមជម្រើសជាតិ) មិនមែនដោយសារតែខ្ញុំចង់រំខាននោះទេ ប៉ុន្តែព្រោះអស់រយៈពេលជាច្រើនខែ ខ្ញុំបានផ្តល់ឱ្យក្រុមជម្រើសជាតិនូវសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ និងជ្រើសរើសធ្វើអ្វីដែលខ្លួនចង់»។

«វាមិនមែនមានន័យថាខ្ញុំចង់ជ្រៀតជ្រែក តែខ្ញុំចង់ធ្វើវាព្រោះខ្ញុំមានអារម្មណ៍ថាកីឡាករមួយចំនួននៅក្នុងក្រុមជម្រើសជាតិមិនគួរជាប់ជម្រើសជាតិឡើយ។ ហេតុអ្វីបានជាយើងបន្តយកកីឡាករទាំងនេះ?»។

គួរបញ្ជាក់ថា ម៉ាឡេស៊ី បានចាញ់ការប្រកួតជម្រុះ Asian Cup 2019 ទល់នឹងហុងកុង កាលពីថ្ងៃទី១០ កន្លងទៅ ដែលការចាញ់នេះគឺជាបរាជ័យលើកដំបូងរបស់ម៉ាឡេស៊ី ក្នុងរយៈពេល១៣ឆ្នាំ ចុងក្រោយទល់នឹង ហុងកុង។

ម៉ាឡេស៊ី មិនទាន់ស្គាល់ពាក្យថាឈ្នះ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិមួយណានៅឡើយ ចាប់តាំងពីការទទួលជ័យជម្នះ ៣ទល់២ លើកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំមុនក្នុងព្រឹត្តិការណ៍ AFF Cup ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា៕

 

 

 

 

រូបភាព: nst & fourfourtwo