ជំនួបស្វែងរកក្រុមខ្លាំងប្រចាំតំបន់អាស៊ាននឹងដឹងនៅល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នេះរវាងក្លិបមកពីសិង្ហបុរី Home United ជាមួយ ក្លិបមកពីហ្វីលីពីន Ceres Negros ក្នុងការប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 សម្រាប់ជើងទី២ ។

ការប្រកួតរវាងក្រុមទាំង ២ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Panaad Park and Stadium ប្រទេសហ្វីលីពីន។

រំលឹកទៅលទ្ធផលរវាងក្រុមទាំង២ កាលពីជើងទី១ គឺបញ្ចប់ទៅដោយ Home United បានយកឈ្នះ Ceres Negros ជាមួយនឹងលទ្ធផល ២ទល់១ នៅទឹកដីរបស់ Home United។ នៅក្នុងការប្រកួតនេះ Home United ត្រូវការត្រឹមតែស្មើក៏អាចឡើងទៅវគ្គបន្ទាប់បានដែរ ស្របពេលដែល Ceres Negros ត្រូវការឈ្នះ ១ទល់០ ជាដាច់ខាត។

ចប់ការប្រកួតទាំង២ជើង ក្រុមណាឈ្នះនឹងមានឱកាសឡើងទៅវគ្គបន្ត ដោយត្រូវជួបក្រុម FC Istiklol របស់តាជីគីស្ថាន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់៕

 

រូបភាព: The-AFC