ការប្រកួតកីឡាកាយសម្ព័ន្ធពិភពលោក ( FIG Artistic Gymnastics World Championships ) គ្រោងនឹងធ្វើនៅប្រទេសកាណាដា ដើមខែតុលាខាងមុខនេះ នឹងមានប្រទេសពីតំបន់អាស៊ានចំនួន២ វៀតណាម និងថៃ ចូលរួមប្រកួតផងដែរ។

យោងតាមកាលវិភាគនៃការប្រកួត ព្រឹត្តិការណ៍នេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០២ រហូតដល់ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧ ធ្វើឡើងនៅទីក្រុង Quebec ប្រទេសកាណាដា ជាមួយនឹងវិញ្ញាសារធំៗចំនួន ៧ ត្រូវបានដាក់អោយប្រកួត។

អត្តពលិកដែលមកពីតំបន់អាស៊ានតែ ២ ប្រទេសគត់រវាង វៀតណាម ជាមួយ ថៃ​ គឺវៀតណាម មានអត្តពលិកចំនួន៨នាក់ បុរស៦នាក់ និងនារី២នាក់ ខណៈថៃ មានអត្តពលិកចំនួន ២ នាក់ សុទ្ធសឹងជាបុរស។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានប្រទេសចូលរួមរហូតដល់៨០ប្រទេសនៅ ឆ្នាំ២០១៧នេះ ជាមួយនឹងអត្តលិកប្រមាណ ៥០០ នាក់។

ព្រឹត្តិការណ៍នេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈវៀតណាម ធ្លាប់ឈ្នះមេដាយសំរឹទ្ធម្ដងផងដែរ នៅក្នុងព្រឹត្តិការណ៍នេះ៕

 

រូបភាព: thanhniennews