សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន(PFF)បានយល់ព្រមចំណាយលុយ៣.៣លានដុល្លារសម្រាប់អភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងប្រទេសដោយថវិកានេះ ផ្ដោតពង្រឹងលើវិស័យអភិវឌ្ឍន៍ថ្នាលកុមារតូចៗ និងយុវជនវ័យជំទង់។
សំណើថវិកាត្រូវបានអនុម័តរួចហើយ អំឡុងពេលធ្វើពិធីសមាជជាតិក្នុងសប្ដាហ៍នេះ។ លោក Mariano Nonong Araneta ប្រធានសហព័ន្ធបាល់ទាត់ហ្វីលីពីនបាននិយាយថា៖” វានឹងក្លាយជាឆ្នាំដ៏មមាញឹកសម្រាប់យើងនៅឆ្នាំក្រោយ។ យើងសង្ឃឹមថានឹងរៃអង្គាសបានប្រាក់បន្ថែមទៀត ដើម្បីបំពេញកម្មវិធីអភិវឌ្ឍន៍បាល់ទាត់របស់យើង”។
លោកបានបន្តថា ខណៈពេលដែល PFF នៅតែបន្តទទួលជំនួយពី FIA, AFC និង AFF ពួកគេនៅតែស្វែងរកចំណូលពីប្រភពដទៃទៀតប្រហែលជា៣២លានប៉េសូ។ ក្រៅពីមូលនិធិសម្រាប់អភិវឌ្ឍន៍យុវជន ប្រាក់មួយចំនួន នឹងប្រើសម្រាប់សាងសង់មជ្ឈមណ្ឌលបាល់ទាត់នៅ San Lazaro Leisure Park ក្នុងទីក្រុង Carmona, Cavite, និងដំឡើងអំពូលភ្លើងបន្ថែមសម្រាប់កីឡដ្ឋានក្នុងមជ្ឈមណ្ឌលបាល់ទាត់ជាតិ។
លើសពីនេះលុយទាំងនេះក៏ត្រូវប្រើសម្រាប់ក្រុមជម្រើសជាតិ ដែលពួកគេព្យាយាមប្រកួតប្រជែងពាន 2019 AFC Asian Cup ក្នុងខែមិនា ស្របពេលក្រុមបាល់ទាត់នារី នឹងត្រូវចូលរួមលេងពាន AFC Women’s Asian Cup ក្នុងប្រទេសហ្ស៊កដានីក្នុងខែមេសា៕