កីឡាករកូនកាត់ឥណ្ឌូនេស៊ី ហូឡង់ កីឡាករ Ezra Walian ត្រូវបានគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំ កោះហៅដោយផ្ទាល់ដើម្បីចូលក្រុមជម្រើសជាតិជាថ្មីក្រោយខកខានកាលពីពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះកន្លងទៅ។

កីឡាករដែលធ្លាប់ប្រកបអាជីពជាមួយឈុតបម្រុងនៃក្លិប Ajax Amsterdam រូបនេះបានកើតនូវជម្ងឺម៉្យាងដែលមានឈ្មោះថា salmonella នៅប្រទេសកំណើតរបស់ខ្លួនហូឡង់ ដែលជាហេតុធ្វើអោយខកខានចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំប្រកួតក្នុងពានរង្វាន់ AFC U-23 Championship 2018 ក្នុងវគ្គជម្រុះ កាលពីចុងខែកក្កដាកន្លងទៅ។

យ៉ាងណាមិញសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានធ្វើការកោះហៅកីឡាករវ័យ១៩ឆ្នាំនេះជាថ្មី ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខនេះ។

ភ្នាក់ងាររបស់កីឡាករ Ezra Walian លោក Wide Ananda បានលើកឡើងថា Ezra រួចរាល់ក្នុងការចូលរួមជាមួយ ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំហើយ ដោយគ្រោងនឹងមកចូលជំរុំហ្វឹកហាត់នៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីស្ថិតនៅក្នុងពូល B នៃព្រឹត្តិការន៍កីឡា SEA Games ជាមួយ U-22 ថៃ, វៀតណាម, កម្ពុជា, ទីម័រខាងកើត និងហ្វីលីពីន ខណៈប្រកួតបើកឆាក U-22 ឥណ្ឌូនេស៊ី នឹងត្រូវជួប U-22 ហ្វីលីពីន នៅថ្ងៃទី១៤ ខែសីហា។

រំលឹកថា កីឡាករ Ezra Walian គឺជាកីឡាករដែលមានដើមកំណើតនៅប្រទេសហូឡង់ និងមានឪពុកជាជនជាតិឥណ្ឌូនេស៊ី។ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ថ្មីៗនេះ រូបគេបានទទួលបានសញ្ជាតិ ឥណ្ឌូនេស៊ី ជាផ្លូវការបន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល៕

 

រូបភាព: ajaxdaily.com