បន្ទាប់ពីពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ត្រូវបានប្រកាសផ្លាស់ប្ដូររូបមន្តថ្មីជាផ្លូវការ គ្រូបង្វឹកជម្រើសជាតិសិង្ហបុរី និងកីឡាកររបស់ខ្លួន បានស្វាគមន៍ចំពោះការផ្លាស់ប្តូររូបមន្តថ្មីនេះឆ្នាំក្រោយ។
លោក V Sundramoorthy គ្រូបង្វឹកសញ្ជាតិសិង្ហបុរី ដែលមានវ័យ៥២ឆ្នាំ បាននិយាយថា៖ «វាជារឿងដ៏ល្អសម្រាប់យើងក្នុងការមានការគាំទ្រដល់ផ្ទះចំនួន ២ ប្រកួត ក្នុងវគ្គជម្រុះតាមពូល រាល់ការប្រកួត»។
«វាក៏ជារឿងល្អផងដែរសម្រាប់អ្នកគាំទ្រក្នុងការទទួលបានបទពិសោធ តាមរយៈការមានការប្រកួតធំមួយនៅលើទឹកដីកំណើតរបស់ពួកគេរៀងរាល់ពីរឆ្នាំម្តង»។ លោក V Sundramoorthy បន្ថែម។
អតីតវីរៈបុរសបាល់ទាត់សិង្ហបុរី បានបន្ថែមថា៖ «យើងត្រូវរង់ចាំនិងមើលកម្មវិធីនៃការប្រកួត។ ការលេង៤ប្រកួត ដែល២ក្នុងចំណោម មានន័យថាការឈប់សម្រាកតិចជាងមុនដោយមានការធ្វើដំណើរបន្ថែម ប៉ុន្តែវាគួរតែដូចគ្នាសម្រាប់ក្រុមទាំងអស់ដូច្នេះវាអាស្រ័យលើយើងក្នុងការគ្រប់គ្រង»។
ប្រធានក្រុមជម្រើសជាតិសិង្ហបុរី កីឡាករ Shahril Ishak បានលើកឡើងផងដែរថា៖ «នេះធ្វើឱ្យវាក្លាយជាការប្រកួតដ៏យុត្តិធម៌មួយសម្រាប់ក្រុមទាំងអស់ ហើយនឹងមិនមានក្រុមណាមានគុណសម្បត្តិដោយសារការធ្វើម្ចាស់ផ្ទះឡើយ»។
សម្រាប់រូបមន្តថ្មីនេះ ក៏នឹងត្រូវប្រកួតបែងចែកចេញជា ២ ពូលដូចគ្នា ប៉ុន្តែក្នុង ១ពូលមាន៥ក្រុម សរុបទាំងអស់១០ក្រុម ដោយប្រទេសនីមួៗ នឹងត្រូវធ្វើការប្រកួតក្នុងដី ( ចំនួន២ដង ) ក្រៅដី ( ចំនួន២ដង ) រវាងប្រទេសដែលនៅក្នុងពូលរួមគ្នា ខណៈការប្រកួតក្នុងដី ឬក្រៅដី គឺអាស្រ័យទៅលើការចាប់ឆ្នោត។
ជាការពិត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឹមានប្រទេសចំនួន ១១ ត្រូវប្រកួតក្នុងពានរង្វាន់នេះ ដូច្នេះ ដើម្បីរកបាន ១០ ក្រុមដែលល្អ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន កំណត់អោយក្រុម ២ ដែលមានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងតំបន់ ( ចំណាត់ថ្នាក់ត្រឹមឆ្នាំ ២០១៦ ) ត្រូវប្រកួតជម្រុះយកតែ ១ ក្រុមប៉ុណ្ណោះ ដើម្បីឡើងមកបង្រ្គប់ក្រុមទាំង ៩ ដែលអង្គុយរង់ចាំរួចជាស្រេច។
យោងទៅតាម ចំណាត់ថ្នាក់កាលពីឆ្នាំ ២០១៦ ព្រុយណេ ជាមួយ ទីម័រខាងកើត គឺជាក្រុមដែលស្ថិតនៅលេខ ១០ និងលេខ ១១ ត្រូវប្រកួតតទល់គ្នា ដើម្បីដណ្ដើមកៅអី ឡើងមកជុំផ្ដាច់ព្រ័ត្រ ដែលការប្រកួតគ្រោងធ្វើឡើងនៅ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨ សម្រាប់ជើងទី១ និងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំដដែល សម្រាប់ជើងទី២។
ដោយឡែកសម្រាប់ការប្រកួតនៅក្នុងជុំផ្ដាច់ព្រ័ត្រ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមដែលមានពិន្ទុលើគេ ប្រចាំពូលទាំង ២ សរុប៤ក្រុម នឹងមានឱកាសឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតតាមរូបមន្តក្រៅដី និងក្នុងដី ដដែល៕
រូបភាព: fourfourtwo & ST FILE