ការប្រកួតកីឡាប្រណាំងកង់ Tour de Flores 2017 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី បានរកឃើញជើងឯកហើយគឺបានទៅលើកីឡាករប្រណាំងកង់មកពីប្រទេសបារាំង បន្ទាប់ធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនដំណាក់កាល។
ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី១៤ និងបញ្ចប់ថ្ងៃទី១៩ ខែកក្កដា ម្សិលមិញនេះ ជាមួយនឹងការប្រកួតចំនួន៦ដំណាក់កាល បានរកឃើញជើងឯកគឺបានលើកីឡាករ Thomas Lebas ដែលជាកីឡាករសញ្ជាតិបារាំង ដោយធ្វើបានក្នុងថេរវេលា ១៩:៣៨:២១ នាទី តាមពីក្រោយដោយកីឡាករ មកពីប្រទេសអ៊ីរ៉ង Arvin Moazzami Godarzi ដែលមកដល់ក្រោយ៥នាទី ស្របពេលដែលម្ចាស់ជើងឯកឆ្នាំចាស់បញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៦ប៉ុណ្ណោះ
ជ័យជម្នះនេះធ្វើអោយកីឡាករ Thomas Lebas ទទួលបានទឹកប្រាក់ចំនួន ៤៥ រូពី ដែលស្មើឬប្រហាក់ប្រហែល ៣,៣៧៨ ដូល្លារអាមេរិក។
សូមរំលឹកថាការប្រកួតនេះមានក្រុមចំនួន១៩ចូលរួមប្រកួត រួមមានក្រុមមកពីឥណ្ឌូនេស៊ី, ចក្រភពអង់គ្លេស, ប្រទេសមកពីសហគមន៍អឺរ៉ុប, មកពីទ្វីបអាហ្រ្វិក, ជប៉ុន, កូរ៉េខាងត្បូង, ចិន, អូស្ត្រាលី, ថៃ, ឡាវ, អ៊ីរ៉ង និងម៉ាឡេស៊ី ជាដើម ដោយការប្រកួតនឹងត្រូវបែងចែកចេញជា៦ដំណាក់កាល ជាមួយនឹងចម្ងាយផ្លូវប្រវែង ៧៦០.៨ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើង ដោយបង្កើតឡើងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរនៅក្នុងតំបន់ East Nusa Tenggara ជាមួយនឹងការប្រណាំងឆ្លងកាត់តាមឆ្នេរសមុទ្រដែលមានខ្យល់បក់បោកនៅភាគខាងត្បូងនៃកោះ ៕
រូបភាព: jakartaglobe.id