ចាន់ វឌ្ឍនាកាបាននិយាយថា រូបគេសម្របខ្លួនទៅនឹងស្ថានភាពក្នុងប្រទេសម៉ាឡេស៊ីបានលឿនទាំងនៅក្រៅ និងក្នុងទីលានក្រោយមកលេងបានមួយខែ។
កីឡាករជម្រើសជាតិកម្ពុជាទើបតែឈានដល់វ័យ២៤ឆ្នាំកាលពីប៉ុន្មានថ្ងៃមុន បានមកចូលរួមជាមួយក្លឹបមានមូលដ្ឋាននៅឆ្នេរភាគកើតម៉ាឡេស៊ី ក្រោយពេលចាកចេញពីក្លឹបលីគទី៣ជប៉ុន Fujieda MYFC។
ខ្សែប្រយុទ្ធរូបនេះកំពុងទន្ទឹងរងចាំ ការបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Malaysia Super League ពេលដែល Pahang ត្រូវទទួលភ្ញៀវ Perak ក្នុងថ្ងៃទី៤កុម្ភៈ។ ក្នុងនាមជាកីឡាករល្អបំផុតរបស់កម្ពុជា វឌ្ឍនាកា បាននិយាយថា វាពិតជាមិនស្រួលប៉ុន្មានទេ ដែលត្រូវសម្របខ្លួនជាមួយកន្លែងថ្មី ប្រសិនបើគ្មានការជួយពីមិត្តរួមក្រុមនៅ Pahang FA ទេនោះ។
អតីតកីឡាករបឹងកេតបាននិយាយក្នុងកាសែត nst ថា៖” បុគ្គលិក និងជំនួយការគ្រូបង្វឹកបានជួយខ្ញុំ ពីការរស់នៅ និងសម្របខ្លួននៅទីនេះ ហើយកីឡាករដទៃទៀតក៏បានជួយច្រើនដែរ។ មិត្តរួមក្រុមថ្មីរបស់ខ្ញុំ បានបង្រៀនភាសាប្រើប្រាស់ប្រចាំថ្ងៃ Bahasa Melayu ហើយខ្ញុំក៏កំពុងតែរៀនឲ្យចេះជាងនេះទៀត”។
“ តាមពិតទៅ!ខ្ញុំមានអារម្មណ៍ថារស់នៅទីនេះដូចរស់នៅកម្ពុជាដែរ ហើយក៏គ្មានបញ្ហាជាមួយម្ហូបចំណីនៅម៉ាឡេស៊ីដែរ”៕