សហព័ន្ធបាល់ទាត់អាស៊ី AFC បានបញ្ជាក់ថាកីឡាករ Farizal Marlias របស់ក្លឹប Johor Darul Ta’azim ត្រូវបានពិន័យរយៈពេល១២ខែ មិនឲ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់ក្នុងទ្វីបអាស៊ី និងពិន័យជាប្រាក់៤ម៉ឺនដុល្លារ ពីបទការប្រើអំពើហិង្សាលើទីលានអំឡុងប្រកួតជម្រុះ AFC Cup ជាមួយក្រុមហ្វីលីពីន Ceres Negros កាលពីខែមុន។
ក្នុងសេចក្ដីថ្លែងការដែលបានបញ្ចេញ កាលពីព្រឹកមិញរបស់ AFC បាននិយាយថា៖”គណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់អាស៊ី បានជួបប្រជុំភ្លាមៗកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិភាក្សាលើបញ្ហានេះ និងពិនិត្យមើលឯកសារដែលបានបញ្ជូនកាលពីថ្ងៃទី៣១ឧសភា។
“ Farizal ដែលត្រូវបានដេញចេញពីការប្រកួត ដោយបានប្រើកណ្ដាប់ដៃវាយទៅលើទ្រូងអាជ្ញាកណ្ដាល ដែលនេះជាការប្រើអំពើហិង្សាមួយ។ ពេលដែលដើចេញពីទីលាន រូបគេបានយកដៃទៅរុញជំនួយការអាជ្ញាកណ្ដាលទី៤ត្រង់ស្មា ដែលនេះជាទង្វើមួយមិនអាចកើតឡើងក្នុងបាល់ទាត់ទេ។ ”
AFC ក៏ពិន័យគ្រូបង្វឹកក្លឹប JDT លោក Benjamin Mora ជាប្រាក់៧០០០ដុល្លារ ពីបទនិយាយពាក្យមិនសមរម្យដាក់មន្ត្រីរៀបចំការប្រកួត។ប្រាក់ពិន័យទាំងអស់ត្រូវបង់ទៅសហព័ន្ធចាប់ពីថ្ងៃប្រកាសដំណឹងរហូតដល់ថ្ងៃទី ៣០នៃថ្ងៃចេញសេចក្ដីប្រកាស៕