ប្រធានក្រុមក្លឹប Inter Milan កីឡាករ Mauro Icardi មិនបានស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតសួរពីតម្លៃខ្លួនរបស់គាត់ក្នុងរដូវដោះដូរកីឡាករខាងមុខ។
អ្នកកាសែតមកពីស្ថាប័ន Revista Undici បានសួរសំណួរទៅកាន់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន ពីតម្លៃខ្លួនក្នុងទីផ្សារដោះដូរកីឡាករហើយ Icardi បានឆ្លើយដូច្នេះ៖ ” នោះវាតិចពេកហើយ! ពិចារណាលើតម្លៃសរុបក្នុងទីផ្សារពិតជាខុសពីនេះ។ ប៉ុន្តែក្លឹបដឹងហើយថា អ្វីដែលខ្ញុំចង់បានពួកគេ(Inter)នឹងរីករាយផ្ដល់ឲ្យ”។
ខ្សែប្រយុទ្ធរូបនេះកំពុងពិភាក្សាបន្តកុងត្រាថ្មីជាមួយ Inter ហើយតម្លៃខ្លួនរបស់គេនឹងកើនឡើង ខណៈដែលអ្នកនាង Wanda Nara ជាប្រពន្ធហើយក៏ភ្ញាក់ងាររបស់ Icardi ផងដែរនោះ កំពុងមានសុទ្ធិនិយមពីការបន្តកុងត្រាថ្មី។ Icardi ធ្លាប់មានទំនាក់ទំនងផ្ទេរទៅលេងនៅ Real Madrid តែយ៉ាងរូបគេបាននិយាយថា មិនដែលគិតចង់ចាកចេញនៅពេលនេះទេ។
“ ខ្ញុំជាអ្នកគាំទ្រក្រុម Inter តាំងពីតូច ពីព្រោះខ្ញុំតែងតែលេង Playstation ដោយរើសយកក្រុម Inter រហូត។ ខ្ញុំមានមិត្តជាច្រើននៅទីនេះ ហើយសុទ្ធតែលេងបាល់ជាមួយគ្នា។ ខ្ញុំធ្លាប់ជ្រើសរើស Inter ដោយសារតែពួកគេមាន Adriano ហើយខ្ញុំពិតជាចូលចិត្តគាត់”៕