ក្នុងន័យជាការរំលឹកលើកចុងក្រោយចំពោះ កីឡាករ Choirul Huda អ្នកចាំទីរបស់ក្លិប Persela Lamongan ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ កីឡាករទាំងអស់ដែលប្រកបអាជីពនៅក្នុងលីគលំដាប់ទី១ឥណ្ឌូនេស៊ី Liga 1 នឹងពាក់អាវអ្នកចាំទីមុនការប្រកួតមកដល់។

មិនតែប៉ុណ្ណោះ រាល់ការប្រកួតក្របខ័ណ្ឌ Liga 1 ទាំងអស់នឹងតម្រូវអោយមានភាពស្ងៀមស្ងាត់១នាទី ដើម្បីបង្ហាញពីការចូលរួមរំលែកទុក្ខរបស់ពួកគេជាមួយ Choirul Huda។

ការណ៍រៀបចំនេះ ត្រូវបានធ្វើឡើងដោយ Liga Indonesia Baru ក្នុងនាមជាប្រតិបត្តិករនៃក្របខ័ណ្ឌ Liga 1 ដោយកីឡាករទាំងអស់នៃក្លិបដែលកំពុងប្រកបអាជីពនៅក្នុងក្របខ័ណ្ឌ Liga 1 នឹងពាក់អាវពណ៌លឿងទាំងអស់ នេះបើយោងតាមសម្លៀកបំពាក់ដែលបានពាក់ដោយ Choirul Huda។

លោក Tigorshalom Boboy ប្រធានប្រតិបត្តិនៃក្រុម Liga Indonesia Baru បាននិយាយថា៖ «នឹងមានភាពស្ងៀមស្ងាត់មួយនាទីនៅរាល់ការប្រកួតទាំងអស់នៅសប្តាហ៍ទី៣០នេះ ហើយកីឡាករទាំងអស់នឹងពាក់សំលៀកបំពាក់ដូចគ្នាដែលត្រូវបានពាក់ដោយអ្នកស្លាប់»។

គួរបញ្ចាក់ថា Choirul Huda បានទទួលមរណៈភាពក្នុងកំឡុងការប្រកួតរវាង Persela Lamongan និង Semen Padang នៅឯកីឡដ្ឋាន Surajaya ក្នុងខេត្ត Lamongan ។ អ្នកចាំទីរូបនេះបានស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីគាត់បានបុកជាមួយមិត្តរួមការងាររបស់គាត់ Ramon Rodrigues។

ការប៉ះទង្កិចបានកើត​ឡើង​នៅមុខ​ទី​របស់​ខ្លួន គ្រាដែល Choirul Huda ព្យាយាមទប់​ស្កាត់​បាល់ ចំ​ពេល​ដែល​​​ខ្សែ​ប្រយុទ្ធ Marcel Sacramento របស់​ក្រុម Padang និង​មិត្ត​រួម​ក្រុម​របស់​ខ្លួន គឺ​ខ្សែ​ការពារ Ramon Rodrigues កំពុងប្រជែងបាល់ពីគ្នា ដែលធ្វើ​អោយ Huda រង​របួស​ក្បាល​ធ្ងន់ធ្ងរ៕

 

 

រូបភាព: Bola