ក្រុមបាល់ទាត់ជម្រើសជាតិឡាវឈុតធំ នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសកោះម៉ាកាវ នាល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នេះ ស្របពេលដែលនេះជាការប្រកួតផ្លូវការលើកដំបូងរបស់ខ្លួនជាមួយកីឡាករពេញលេញក្រោយបាត់មុខអស់រយៈពេលជិត១ឆ្នាំ។
ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំនេះ នឹងធ្វើឡើងនៅលើកីឡដ្ឋានជាតិរបស់ឡាវ នឹងចាប់ផ្ដើមនៅវេលាម៉ោង ៧:០០ នាទីល្ងាច ម៉ោងនៅកម្ពុជា។
រំលឹកទៅការប្រកួតរបស់ឡាវ នៅចាំបានថាកាលពីជាង ១១ ខែពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាខែចុងក្រោយដែលជម្រើសជាតិឡាវមានការប្រកួតផ្លូវការនៅលើឆាកអន្តរជាតិ ពោលគឺកាលគ្រានោះ ប្រកួតក្នុងពានរង្វាន់ 2016 AFC Solidarity Cup ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញកាលបីជាង៤ខែមុនក្រុមជម្រើសជាតិឡាវ ក៏បានធ្វើការប្រកួតមិត្តភាពជាមួយ ប្រទេសអារ៉ាបរួម ផងដែរ ប៉ុន្តែគ្រានោះកីឡាករទាំងអស់សុទ្ធសឹងតែជាយុវជនអាយុក្រោម២២ឆ្នាំ ដែលត្រៀមប្រកួតក្នុងពានរង្វាន់២ រួមមាន AFC U-23 Championship វគ្គជម្រុះ និងព្រឹត្តិការណ៍កីឡា SEA Games 2017។
ក្រឡេកមកការប្រកួតនៅល្ងាចនេះវិញ ក្រុមទាំង២ក៏ធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងពាន AFC Solidarity Cup ជាលទ្ធផល ម៉ាកាវ បានឈ្នះ ដោយលទ្ធផល ៤ទល់១៕
រូបភាព: the-afc