ក្លឹប​លីក​កំពូល​ម៉ាឡេស៊ី ​Selangor FA បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ថា ​ពួក​គេ​បាន​ចុះ​កុង​ត្រា​យក​អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ធ​ក្លឹប​ Atletico Madrid កីឡាករ Rufino Segovia ​ដើម្បី​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​  Juliano Mineiro សម្រាប់​ជើង​ទី​២​ក្នុង​រដូវ​កាល​នេះ។

Rufino Segovia ​បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​ជើង​ខ្លាំង​ម៉ាឡេស៊ី​មួយ​នេះ ដោយ​ចាក​ចេញ​ពី​ក្លឹប​ Kitchee SC របស់​ហុងកុង ​បន្ទាប់​ពី​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​បង្ហាញ​ថ្វី​ជើង​ពេញ​ចិត្ត​លោក P. Maniam​ ដែល​ជា​គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹកនាំ​ក្លឹប​អំឡុង​ពេល​ហ្វឹក​ហាត់​សាកល្បង។

អ្នក​ចាត់​ការ​ក្លឹប​ Selangor FA លោក Abd Rauf Ahmad បង្ហាញ​ការ​ពេញ​ចិត្ត​អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​យ៉ាង​ខ្លាំង ​ហើយ​អបអរសាទរ បំផុត​ក្នុង​ការ​ចុះ​កុង​ត្រា​ជាមួយ Rufino Segovia ប៉ុន្តែ​ គាត់​ក៏​បាន​អរគុណ​ដល់​  Juliano Mineiro ​ដែល​ត្រូវ​បាន​ដក​ចេញ​ដោយ​សារ​របួស​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ ធ្លាប់​លេង​បាល់​ទាត់​អាជីព​ក្នុង​ប្រទេស​របស់​គាត់​ជា​ច្រើន​ក្លឹប​រួច​មក​ហើយ​ ដោយ​មាន​ដូច​ជា៖ Rayo Vallecano, Atletico B និង Atletico Madrid មុន​ពេល​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ​​ហើយ​លេង​ក្នុង​ក្លឹប​ជា​ច្រើន​ក្រុម​ទៀត​។ គាត់​មាន​ភាព​ស្និត​ស្នាល​ជា​មួយ​បាល់ទាត់​អាស៊ី​ ដោយ​សារ​ធ្លាប់​លេង​ជាមួយ​ក្លឹប​ហុងកុង​ ​ Kitchee SC។

Rufino Segovia នឹង​មក​បំពេញ​ជា​កូតា​​កីឡាករ​បរទេស​ឲ្យ​ Selangor ខណៈ​កីឡាករ​បរទេស​ដទៃ​ទៀត​មាន​ដូច​ជា៖  Francis Forkey Doe, Ugo Ukah និង Andik Vermansyah ​ដែល​បាន​បំពេញ​តួនាទី​បាន​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​  P. Maniam ៕

ប្រភព៖ fourthofficial