នាល្ងាចថ្ងៃទី១៧ ខែកញ្ញា នេះការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) នឹងរកឃើញក្រុមជើងឯក នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ រវាង ថៃ ជាមួយ ម៉ាឡេស៊ី។
ការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទាំង២នេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Thuwunna Stadium ដោយចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា។
រំលឹកទៅដល់ដំណើររបស់ក្រុមទាំង២មុនបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ គឺសុទ្ធសឹងតែមកក្នុងនាមជាក្រុមដែលខ្លាំងដូចគ្នា នៅក្នុងពូល A ជាមួយគ្នា ដោយ U-18 ម៉ាឡេស៊ី ជាក្រុមលេខ១ ខណៈ U-18 ថៃ ជាក្រុមលេខ២ ប៉ុន្តែមានពិន្ទុស្មើគ្នា ដោយខុសតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ។
នាជាក្រុមលេខ១ និងលេខ២ ក្នុងពូល A ស្មើនឹងបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមលេខ១ពូល A ( ម៉ាឡេស៊ី ) ត្រូវប៉ះលេខ២ពូល B ( មីយ៉ាន់ម៉ា ) និងលេខ២ពូល A ( ថៃ ) ត្រូវប៉ះលេខ១ពូល B ( ឥណ្ឌូនេស៊ី ) ជាលទ្ធផលគឺ U-18 ថៃ បានយកឈ្នះ U-18 ឥណ្ឌូនេស៊ី តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា ០ទល់០ ៩០នាទីពេញ ខណៈ U-18 ម៉ាឡេស៊ី បានយកឈ្នះ U-18 មីយ៉ាន់ម៉ា តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រដូចគ្នា។
ថ្ងៃជាមួយគ្នានេះផងដែរ ក្រៅតែពីការប្រកួតដណ្ដើមជើងឯក នៅរសៀលម៉ោង ៣:៣០ នាទី ក៏មានការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ផងដែរ គឺជាការជួបគ្នារវាង U-18 មីយ៉ាន់ម៉ា ជាមួយ U-18 ឥណ្ដូនេស៊ី ដែលសុទហធសឹងជាក្រុមដែលធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។
កម្មវិធីប្រកួតពេញលេញ:
រូបភាព: Myanmar Football Federation & ฟุตบอลทีมชาติไทย