គណៈកម្មាធិការវេជ្ជសាស្រ្ត និងប្រឆាំងសារធាតុញៀន នៃទីក្រុងគូឡាឡាំពួ បានប្រមូលយកទឹកនោមសរុបចំនួន៧៩៩ និងគំរូឈាមចំនួន៣២ ពីអត្តពលិកក្នុងកំឡុងពេលការប្រកួតរយៈពេល១៧ថ្ងៃ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វើនៅប្រទេសម៉ាឡេស៊ី។

ប្រធានគណៈកម្មាធិការ លោកវេជ្ជបណ្ឌិត S.S Cheema បានលើកឡើងថា គំរូទាំងអស់ដែលប្រមូលបានត្រូវបានបញ្ជូនភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នីមួយៗបានបញ្ចប់ ទៅមន្ទីរពិសោធន៍ប្រឆាំងគ្រឿងញៀនពិភពលោក (Wada) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដែលតម្លៃនៃការវិភាគមានតំលៃថោកបើប្រៀបធៀបទៅនឹងមន្ទីរពិសោធន៍ដែលត្រូវបានទទួលស្គាល់នៅទីក្រុងបាងកក ប្រទេសថៃ។

«យើងអាចទទួលបានលទ្ធផលក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីយើងផ្ញើគំរូទៅមន្ទីរពិសោធន៍នៅប្រទេសឥណ្ឌា ប៉ុន្តែយើងត្រូវរង់ចាំរយៈពេល១០ថ្ងៃសម្រាប់របាយការណ៍ផ្លូវការ។ របាយការណ៍ពេញលេញដែលខ្ញុំទទួលបានពីមន្ទីរពិសោធន៍នឹងត្រូវបានយកទៅបង្ហាញទៅកាន់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ( SEAGF ) នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកក្រោយ»។ លោក Cheema បន្ថែម។

លោកវេជ្ជបណ្ឌិត Cheema ដែលជាប្រធានគណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី ផ្នែកវេជ្ជសាស្រ្ត និងឧស្សាហកម្ម បានបង្ហាញថាចំនួនទឹកនោម និងគំរូឈាម ដែលត្រូវបានធ្វើក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ គឺខ្ពស់ជាងពេលណាៗទាំងអស់ ចាប់តាំងពីចំនួននៃកីឡានិងព្រឹត្តិការណ៍បានកើនឡើងបើប្រៀបធៀបទៅនឹងការប្រកួតនៅសិង្ហបុរី ក្នុងឆ្នាំ២០១៥ ដែលមានជាងត្រឹមតែជាង៦០០គំរូទឹកនោម។

សម្រាប់នៅម៉ាឡេស៊ី គឺមានប្រភេទកីឡាចំនួន៣៨ប្រភេទ ជាមួយនឹង៤០៤វិញ្ញាសារកីឡា បើធៀបទៅសិង្ហបុរី ដែលមានត្រឹមតែ៣៦ប្រភេទកីឡា ស្មើនឹង៤០២វិញ្ញាសារកីឡា។

 

«យើងមិនត្រឹមតែអនុវត្តការធ្វើតេស្តសារធាតុគីមី នៅលើអត្តពលិកដែលឈ្នះមេដាយទាំងអស់នោះទេ ប៉ុន្តែយើងក៏បានធ្វើតេស្តទៅតាមអត្តពលិក នៅក្នុងកីឡាមួយចំនួន ដែលមានប្រវត្តិនៃការប្រើប្រាស់គ្រឿងញៀន ប៉ុន្តែខ្ញុំសុំមិនធ្វើការបង្ហាញពីកីឡានោះ»។ លោក Cheema បន្ថែម។

 

លោកក៏បានបង្ហាញផងដែរថាកម្លាំងភារកិច្ច ១៥០នាក់ រួមទាំងមន្រ្តីគ្រប់គ្រងប្រឆាំងគ្រឿងញៀនចំនួន៧៩នាក់ មកពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀនម៉ាឡេស៊ី និងអ្នកស្ម័គ្រចិត្តចំនួន៥០នាក់បានចូលរួមក្នុងការប្រមូលទឹកនោមនិងគំរូឈាមពីអត្តពលិក។

 

រូបភាព: astroawani

ប្រភពអត្ថបទ: thestar