គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំវៀតណាម លោក Nguyen Huu Thang បានកោះហៅកីឡាករចំនួន២៨រូប ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះនាចុងខែកក្កដាខាងមុខនេះ។

ជាមួយនឹងសមាសភាពកីឡាករចំនួន២៨រូប លោក Nguyen Huu Thang បានកោះហៅអ្នកចាំទីចំនួន ៤រូប ខ្សែការពារ១០រូប ខ្សែបម្រើ១០រូប និងខ្សែប្រយុទ្ធ៤រូបផងដែរ។

លើសពីនេះទៅទៀត លោក Thang ក៏បានកោះហៅកីឡាករវ័យក្មេងអាយុក្រោម២០ឆ្នាំ ចំនួន៥រូបផងដែរ ដែលទើបតែប្រកួតនៅក្នុង FIFA U-20 World Cup ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង រួមមាន Bui Tien Dung, Tran Dinh Trong, Ho Tan Tai, Huynh Tan Sinh និង Ha Duc Chinh។

សមាសភាពក្រុមទាំងមូលនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី០៣ ខែកក្កដា តទៅ ពោលគឺនៅមុនការប្រកួតមកដល់២សប្ដាហ៍ ដោយធ្វើការហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិ នាទីក្រុង Ha Noi។

បញ្ចាក់ថា ការប្រកួតពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះ នឹងធ្វើឡើងនៅទីក្រុង Ho Chi Minh ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៣ ខែកក្កដា ដែលនៅក្នុងពូល I ជាមួយកូរ៉េខាងត្បូង, ម៉ាកាវ និង ទីម័រខាងកើត។

ក្រោយចប់ការប្រកួតពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះនេះ U-23 វៀតណាម នឹងធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣១ ខែកក្កដា ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games នៅប្រទេសម៉ាឡេស៊ី ក្នុងខែសីហា៕

 

 

រូបភាព៖ thethao247.vn