ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games លើកទី២៩ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នឹងមានអត្តពលិកជិត ៥០០០ នាក់ចូលរួមប្រកួត ដែលជាចំនួនច្រើនជាងបើធៀបទៅកាលពី SEA Games ឆ្នាំ២០០១ ដែលម៉ាឡេស៊ី ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ។
យោងតាមទិន្នន័យរបស់ គណៈកម្មាធិកាជាតិអូឡាំពិកម៉ាឡេស៊ី (OCM) បានអោយដឹងថា ចំនួននៃអត្តពលិកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី២៩នេះ គឺមានចំនួន ៤,៨៨៨ នាក់មកពី១១ប្រទេស។
យ៉ាងណាមិញចំនួននេះនៅមិនទាន់អាចបំបែកកំណត់ត្រាចំនួនអត្តពលិកដែលច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍នេះឡើយ ដោយកាលពីឆ្នាំ២០០៥ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន គឺមានអត្តពលិកចំនួនរហូតដល់ ៥,៣៣៩ នាក់ ដែលជាចំនួនច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍នេះ។
សរុបអត្តពលិកទាំង ៤,៨៨៨ នាក់រួមមានមកពី៖
- ម៉ាឡេស៊ី: ៨៧៤ នាក់
- ថៃ: ៨៥៨ នាក់
- ឥណ្ឌូនេស៊ី: ៦២៩ នាក់
- សិង្ហបុរី: ៥៨២ នាក់
- ហ្វីលីពីន: ៤៩៧ នាក់
- មីយ៉ាន់ម៉ា: ៤៧៥ នាក់
- វៀតណាម: ៤៥៥ នាក់
- ឡាវ: ២០១ នាក់
- កម្ពុជា: ១៧៨ នាក់
- ព្រុយណេ: ១០៩ នាក់
- ទីម័រខាងកើត: ៤៨ នាក់
គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games លើកទី២៩ នឹងចាប់ផ្ដើមបីថ្ងៃទី១៤ ខែសីហា តទៅសម្រាប់ការប្រកួត ប៉ុន្តែនឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយមានកីឡាដែលដាក់អោយប្រកួតចំនួន៣៨ប្រភេទ និងមាន៤០៥ វិញ្ញាសាប្រកួត៕