រយៈពេល១ខែហើយដែលកីឡាករកូនកាត់ ថៃ-សិង្ហបុរី Ben Davis បានចូលរួមជាមួយក្លិប Fulham ខណៈយុវជនដដែលរូបនេះចាប់ផ្ដើមបង្ហាញនូវភាពវិជ្ជមានរបស់ខ្លួនហើយតាមរយៈការធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតមិត្តភាព។

Davis បានបង្ហាញនូវភាពវិជ្ជមានរបស់ខ្លួនតាមរយៈការប្រកួតនៅក្នុងលក្ខណៈមិត្តភាពកម្ដៅសាច់ដុំ ដោយបានទាត់បាល់បញ្ចូលទីបាន២គ្រាប់ នៅមុនបើករដូវកាល។

យ៉ាងណាមិញយុវជនដែលមានវ័យ១៦ឆ្នាំរូបនេះ បានលើកឡើងពីការរួមរស់ជាមួយ ក្រុមនៅអង់គ្លេសមួយនេះយ៉ាងដូច្នេះថា៖ «វាគឺពិតជាពិបាកនៅក្នុងការសម្របជាមួយបាល់ទាត់អង់គ្លេស។ ពួកគេដឹងពីរបៀបប្រើកាយសម្បទារបស់ពួកគេឱ្យបានល្អក្នុងការដណ្ដើមបាល់»។

Ben Davies ចូលរួមជាមួយក្លិបក្រោមកិច្ចសន្យាកម្មវិធីអាហារូបករណ៍រយៈពេល២ឆ្នាំ ដែលនឹងត្រូវបង្ហាញខ្លួននៅជាមួយឈុតយុវជនអាយុក្រោម១៨ឆ្នាំ Fulham FC ប្រកួតក្នុងលីកយុវជនជាមួយក្លិបកំពូលៗជាច្រើនទៀតដូចជា Chelsea, Arsenal, Tottenham Hotspur និង West Ham United ជាដើម។

គួររំលឹកថា Ben បានកើតនៅប្រទេសថៃ ប៉ុន្តែបានផ្លាស់ទៅរស់នៅប្រទេសសិង្ហបុរី ជាមួយគ្រួសារនៅអាយុ៥ឆ្នាំ និងទទួលបានសញ្ជាតិសិង្ហបុរីនៅអាយុ៩ឆ្នាំ។ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ Ben បានផ្លាស់ទៅសិក្សានៅចក្រភពអង់គ្លេស ដែលជាហេតុនាំអោយទទួលបានអាហារូបករណ៍ហ្វឹកហាត់ជាមួយក្លិបដែលក្រុមឈុតធំ កំពុងប្រកបអាជីពនៅលីគលំដាប់ទី២អង់គ្លេសមួយនេះ។

Ben Davis ក៏ត្រូវបានគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំសិង្ហបុរី កោះហៅផងដែរដើម្បីត្រៀមប្រកួតពានរង្វាន់ AFC U-18 Championship qualifiers វគ្គជម្រុះនៅខែតុលាខាងមុខនេះ ខណៈកីឡាកររូបនេះបានខកខានចូលរួមជាមយយក្រុមជម្រើសជាតិឈុតយុវជនរយៈពេល២ឆ្នាំហើយ។

ការបង្ហាញខ្លួនចុងក្រោយរបស់ Ben គឺនៅឆ្នាំ២០១៥ ជាមួយក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំសិង្ហបុរី ប្រកួតក្នុងពាន AFC U-16 Championship qualifiers 2015៕

 

ចូលអាន: យុវជនសិង្ហបុរី កើតនៅថៃ ចូលរួមជាមួយក្លិបនៅអង់គ្លេស FULHAM ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ

 

រូបភាព: straitstimes